លោក ស៊ិន ចាន់​សិរីវុត្ថា៖ តម្លៃសំបុត្រយន្តហោះនឹងកើនឡើង បើតម្លៃប្រេងនៅបន្តអូសបន្លាយជុំវិញ​សង្គ្រាម​មជ្ឈិម​បូព៌ា​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ិន ចាន់​សិរីវុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា (SSCA) បាន​ពន្យល់ជុំ​វិញការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​ នេះថា តម្លៃ​សំបុត្រ​យន្តហោះ​អាច​នឹង​មាន​ការ​ប្រែប្រួល​ខុស​ពី​តម្លៃ​ដើម​ ប្រសិន​បើ​ថ្លៃ​ប្រេង​នៅ​បន្ត​អូស​បន្លាយ​ពេល​យូ​ជាង​នេះ។

លោក ស៊ិន ចាន់​សិរីវុត្ថា បាន​ថ្លែង​ថា ជា​កត្តា​សត្យានុម័ត​ជា​ទូទៅ​នៅ​ពេល​ដែល​មាន​ផល​វិបត្តិ​អ្វី​មួយ​ទាក់ទង​នឹង​ប្រេង គឺ​មិន​មែណ​ប៉ះពាល់ត្រឹម​តែ​​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ទេ​ តែ​វា​​ប៉ះពាល់​ដល់វិស័យ​ទាំង​អស់។

លោក​អ្នកនាំពាក្យ​ ក៏បាន​ពន្យល់​ថា «ជា​ទូទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ ដែល​មាន​យុទ្ធសាស្រ្ត​ល្អ​ តែងតែ​ទិញ​ប្រេង​ស្តុក​ទុក យ៉ាង​ហោច​ណាស់​ពី ២ សប្តាហ៍ ទៅ ១​ខែ ស្តុក​ទុក​នៅ​ក្នុង​តម្លៃ​មួយ​ ព្រោះ​គាត់​ធ្វើការ​គណនា​តម្លៃ​សំបុត្រ​យន្តហោះ​អាស្រ័យ​ទៅ​តាម​តម្លៃ​ប្រេង ចឹង​នៅ​ពេល​គាត់​ដឹង​តម្លៃ​ប្រេង​មុន និង​ទិញ​ស្តុក​ទុក​មុន​ តម្លៃ​សំបុត្រ​យន្តហោះ​ថោក ឬ​ថ្លៃ ទៅ​តាម​តម្លៃ​ប្រេង​នេះ​អែង»​។​ លោក​ បន្ថែមថា​ «ប៉ុន្តែ​ប្រសិន​បើ​តម្លៃ​ប្រេង​កើន​ឡើង​នៅ​បន្ត​អូស​បន្លាយ​ពេល​យូ បញ្ហា​កាន់​តែ​វែង​ ដូច្នេះ​ច្បាស់​ណា​ថា នឹង​ប៉ះពាល់​ដល់​នូវ​ប្រេង​ស្តុក​ចាស់​ដែល​គាត់​បាន​ទិញ​ស្តុក​ទុក ចឹង​ហើយ​គាត់​ត្រូវ​ការ​ទិញ​ប្រេង​ស្តុក​ថ្មី​ ដូច្នេះ​ប្រេង​ស្តុក​ថ្មី តម្លៃ​សំបុត្រ​យន្តហោះ​ថ្មី»។

ជា​មួយ​គ្នា​នេះ លោក​បានអះអាង​ថា សង្គ្រាម​មជ្ឈិមបូព៌ា​នេះ​មិន​មែនត្រឹម​តែ​ប៉ះពាល់ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ទេ គឺ​ប៉ះពាល់​ដល់​វិស័យ​ដឹក​ជញ្ជូន​ទូទៅ ព្រោះ​យើង​បាន​ដឹង​ហើយ​ថា​ច្រក​សមុទ្រ Hormoz គឺ​មិន​អាច​ដឹក​ជញ្ជូន​ប្រេង​បាន​ទេ​ ដោយ​កប៉ាល់​ទាំង​អស់​ត្រូវ​បាន​កកស្ទះ​នៅ​ទីនេះ​ទាំង​អស់​ ដូច្នេះ​វា​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​​ ដោយ​យើង​កំពុង​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​ប្រេង​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។

...

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ទៀត​ថា កាល​ណា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​ប្រជាជន​ប្រចាំ​ថ្ងៃដែរ ព្រោះ​យើង​ការ​ប្រើប្រាស់​សព្វ​ថ្ងៃ​យើង​ដឹង​ហើយ​ថា​ការ​នាំ​ចូល​ប្រេង​សាំង​ គឺ​ច្រើន​បំផុត​ពី​ការ​នាំ​ចូល​សុទ្ធសាត​ ហើយ​តម្លៃ គឺ​ជា​តម្លៃ​អន្តរ​ជាតិ ដូច្នេះ​នៅ​ពេល​តម្លៃ​អន្តរ​ជាតិ​ អ្វី​ៗ​ក៏​ត្រូវ​កើន​ឡើង​ដូច​គ្នាដែរ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print