ខេត្តស្ទឹងត្រែង ៖ ករណីហិង្សាដ៏រន្ធត់មួយ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បន្ទាប់ពីកូនប្រុសម្នាក់បានប្រើហិង្សារហូតដល់សម្លាប់ឪពុកបង្កើតរបស់ខ្លួន ហើយពេលជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជា មួយរថយន្តធុនធំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗតាមក្រោយឪពុកផងដែរ ។
លោក សាយ កង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំអាង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ផ្អែកតាមការស៊ើបអង្កេតបឋម និងកោសល្យវិច័យរបស់កម្លាំងជំនាញនស្នងការដ្ឋាននគរបាលខេត្តហេតុការណ៍ នេះ គឺជាករណីហិង្សាក្នុងគ្រួសារ ។ ជនសង្ស័យដែលត្រូវជាកូន ក្រោយពីបង្កហេតុលើឪពុករួច បានជិះម៉ូតូគេចខ្លួន ប៉ុន្តែអកុសលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្តង ។
ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបង្ហើបថា ជម្លោះនេះ អាចផ្ដើមចេញពីភាពមិនចុះសម្រុងគ្នារ៉ាំរ៉ៃ ដោយសារជនរងគ្រោះជាឪពុកតែងតែហូបស្រាស្រវឹង រករឿងជេរប្រមាថប្រពន្ធកូនជាប្រចាំ ។ ដោយឡែក ជនបង្កជាកូនបង្កើតឈ្មោះ ហ៊ីន អិត ភេទប្រុស អាយុ២៥ឆ្នាំ ក៏ត្រូវបានគេសង្ស័យថា មានសតិមិនប្រក្រតី (សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន) ដែលជាកត្តាជំរុញឱ្យឈានដល់ការប្រើមែកស្វាយចន្ទីវាយសម្លាប់ឪពុក ចំក្បាលនៅនឹងកន្លែង។
ក្រោយបង្កហេតុ នៅវេលាម៉ោង ១៧:១០នាទី ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យ ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខទៅបុករថយន្តម៉ាក ហ៊ីណូ (Hino) ពណ៌ទឹកប៊ិចលាយ ស ផ្លាកលេខ ព្រះវិហារ 3A-0309 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងផងដែរ។ ស្ថិតក្នុងហេតុការណ៍ បន្ទាប់នេះ អ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សពឪពុកនិងកូន ត្រូវបានក្រុមគ្រួសារសាច់ ញាតិរៀបចំបុណ្យតាមប្រពៃណីនៅភូមិ.ឃុំខាងលើ។ដោយឡែក ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំអាង ដើម្បីបន្តនីតិវិធីតា
មច្បាប់ ៕










