ខេត្តសៀមរាប ៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
សៀលថ្ងៃនេះ នាងខ្ញុំបានមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងកូនៗរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប។ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ពេលបានឃើញកូនៗប្រកបដោយសុខភាពល្អមាំមួន រីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំលើខ្លួនឯង ក្រោយពេលទទួលបានឱកាសរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគមក្នុងរយៈពេល ៤ឆ្នាំមកនេះ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋានដែលបានដឹកនាំកូនៗដាំបន្លែ វេចខ្ចប់អាហារ ស្បៀងអាហារជូនវីរកងទ័ព ប្រជាពលរដ្ឋភៀសសឹក ថែមទាំងផ្តល់ឱកាស បណ្តុះបណ្តាល អប់រំដល់សមាជិកាសកម្ម កូនៗ ក្មួយៗ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត៕
ដោយ ៖ សិលា










