ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២១នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៦ចុងឆ្នាំនេះត្រូវបានគណៈកម្មការអះអាងថា នៅឆ្នាំនេះអត្តពលិកអន្តរជាតិ មកពីបណ្តាប្រទេសនានាលើពិភពលោកអាចនឹងកើនឡើងដល់៧០ប្រទេស ខណៈ ការចុះឈ្មោះជាក់ស្តែងគិតត្រឹមថ្ងៃពុធនេះបានចំនួនជាង៣០០០នាក់ហើយ ក្នុង នោះអត្តពលិកអន្តរជាតិមកពី៥៦ប្រទេស។
លោក សែម ផល្លា ប្រធានក្រុមហ៊ុន Cambodia Events Organizer ដែលជាក្រុមហ៊ុនជំនាញខាងរៀបចំព្រឹត្តិការណ៍រត់ ប្រណាំងម៉ារ៉ាងតុងនៅកម្ពុជាជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថាក្នុងចំណោមជាង៣០០០ នាក់នេះប្រមាណ៩០ភាគរយសុទ្ធសឹងតែជាជនបរទេសដែលមកពី៥៦ប្រទេសហើយទម្រាំដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះកីឡាករកីឡាការិនីអន្តរជាតិអាចនឹងកើនឡើងដល់៧០ប្រទេស។ លោកអះអាងថា ការ កើនឡើងបែបនេះ គឺដោយសារមានការចូលរួមគាំទ្រពីសំណាក់ជនបរទេសក្នុងការមកចូលរួមរត់ប្រណាំងដើម្បីសុខភាពល្អហើយថែមទាំងបានដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ចំណែកឯការចុះឈ្មោះរបស់ប្រជាពល រដ្ឋខ្មែរនៅមានកម្រិតទាបនៅឡើយ ដូច្នេះហើយលោកសូមប្រកាសជាថ្មីម្តងទៀតដោយទទូចសុំឲ្យមហាជនកម្ពុជាចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ និងទាន់ពេល វេលាដើម្បីឲ្យគណៈកម្មការបច្ចេកទេសងាយស្រួលរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះឲ្យដំណើរការបានរលូននិងទទួលបានជោគជ័យថ្មីបន្ថែមទៀត ។
ទិវារត់ប្រណាំងម៉ារ៉ាតុងមាន៣វិញ្ញាសា គឺរត់ចម្ងាយ២១គីឡូម៉ែត្រស្តង់ដារអន្តរជាតិ ថ្លៃចុះឈ្មោះ៤៥ដុល្លារសម្រាប់ជនបរទេស និង១៥ដុល្លារសម្រាប់ពលរដ្ឋខ្មែរ, រត់ ចម្ងាយ១០គីឡូម៉ែត្រថ្លៃ៤០ដុល្លារ សម្រាប់ ជនបរទេសនិង១២ដុល្លារសម្រាប់ពលរដ្ឋខ្មែរ ខណៈដែលវិញ្ញាសារត់កម្សាន្តជា លក្ខណៈគ្រួសារ៣គីឡូម៉ែត្រគឺបរទេស ២០ដុល្លារ និងខ្មែរតម្រូវឲ្យបង់ប្រាក់ត្រឹម ៥ដុល្លារប៉ុណ្ណោះ។
សម្រាប់ការចុះឈ្មោះអាចទៅចុះឈ្មោះបាននៅការិយាល័យផ្ទះលេខ៧៩C ផ្លូវ ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ស្ថិតនៅសណ្ឋាគារ Angkor Century។ ការ រត់ប្រណាំងនេះនឹងត្រូវចាប់ផ្តើមនាព្រឹកថ្ងៃអាទិត្យ ទី៤ធ្នូ វេលាម៉ោង៦ព្រឹក ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ចំពោះគោលបំណង សំខាន់នៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គឺធ្វើឡើងដើម្បីស្វែងរកថវិកាជួយ ដល់មន្ទីររពេទ្យកុមារអង្គរខេត្តសៀមរាប, មន្ទីរពេទ្យគន្ធបុប្ផានិងបណ្តាអង្គការនានាមួយចំនួនទៀត ជាពិសេសគឺរត់ដើម្បីបំផុសស្មារតីដល់មនុស្សជាតិជួយការពារបរិស្ថានតំបន់អង្គរ និងទាក់ទាញទេសចរឲ្យមក កម្សាន្តតំបន់អង្គរវត្តឲ្យបានកាន់តែច្រើនថែមទៀត ។
សូមបញ្ជាក់ថាទិវារត់ប្រណាំងប្រចាំឆ្នាំខែធ្នូរៀងរាល់ឆ្នាំ ពាក់កណ្តាលម៉ារ៉ាតុងនេះបានក្លាយជាព្រឹត្តិ ការណ៍ដ៏ពេញនិយមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ បន្ទាប់ពីទិវានេះត្រូវបានប្រារព្ធធ្វើឡើង អស់រយៈពេល២១ឆ្នាំកន្លងមកហើយជាមួយនឹងការស្វែងរកមូលនិធិពីការចុះឈ្មោះហើយបានបរិច្ចាគទៅកាន់កិច្ចការមនុស្សធម៌ជារៀងរាល់លើករួចហើយនោះ៕
ដោយ៖ សារីម