ខេត្តព្រះវិហារ៖ ពលរដ្ឋឃុំពោធិ៍និងឃុំប្រមេបានសំណូមពរដល់មន្ត្រីរដ្ឋបាលព្រៃឈើត្បែងមានជ័យនិងរដ្ឋបាលព្រៃឈើ គូលែនសូមឲ្យជួយទប់ស្កាត់បទល្មើសដឹក ឈើក្តារខុសច្បាប់តាមរថយន្តសាំយ៉ុងនិង រថយន្តទួរីសផងដែលក្រុមឈ្មួញទាំងនោះសម្រុកដឹកចេញក្នុងមួយយប់ៗមិនក្រោមពី៤ទៅ៦រថយន្តឡើយ ។
ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងឃុំពោធិ៍និងឃុំប្រមេសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតនគរវត្តឲ្យដឹងថាក្នុងមួយរថយន្តផ្ទុកក្តារគគីរមិនក្រោមពី៤ម៉ែត្រគូបនោះទេ ហើយដឹកចេញនៅពេលយប់ តាមបណ្តោយផ្លូវជាតិលេខ៩ឆ្លងកាត់ក្រុង ព្រះវិហារឆ្ពោះទៅកាន់ស្រុកគូលែនឆ្លង កាត់ស្រុកស្វាយលើឆ្ពោះទៅកាន់ខេត្ត សៀមរាប ។
ប្រភពបានបញ្ជាក់ថារយ:ពេលជាង៦ខែចុងក្រោយនេះឈ្មួញទាំងនោះបានដឹកចេញយ៉ាងរលូនហើយមិនត្រូវបានមន្រ្តី ជំនាញណាចេញបង្រ្កាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នោះឡើយ ។
ប្រភពដដែលបានបន្តថាគេបានសង្កេតឃើញមានជំនាញនិងអ្នកពាក់ព័ន្ធទប់ស្កាត់បទល្មើសចេញយករថយន្តផ្ទាល់ខ្លួនដេញឃាត់យ៉ាងហូរហែតែមិនបានបង្រ្កាបក្រុម ឈ្មួញរកស៊ីបទល្មើសដឹកឈើខុសច្បាប់ទៅខេត្តសៀមរាបសង្ស័យយកលុយតែ ប៉ុណ្ណោះ ។
លោកគង់បញ្ញានាយសង្កាត់ត្បែងមានជ័យបានឲ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង១និង២០នាទីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០១៦បានឆ្លើយយ៉ាងខ្លីថាលោកមិនបានដឹងអ្នកណាដឹកឈើនោះទេ ។
ដោយឡែកលោកពេជ្រ បូរិន នាយ សង្កាត់គូលែនបានប្រាប់តាមទូរស័ព្ទថា អ្នកដឹកជញ្ជូនឈើនោះឈ្មោះសាននិងចាប់ដែលដឹកចេញជារៀងរាល់យប់តែពុំមាន ច្បាប់អនុញ្ញាតនោះទេ ។ លោកនាយ សង្កាត់គូលែនបានបន្តទៀតថាពេលនេះ លោកកំពុងជាប់រវល់ចុះពង្រឹងការងារបក្ស នៅស្រុករវៀងហើយទុកតួនាទីនេះឲ្យនាយ រងជាអ្នកមើលការខុសត្រូវ ៕
ដោយ៖ តុលា