ប្រធានអង្គភាព​ ACU រាយការណ៍​ប្រាប់​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ពី​ការ​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់លោក​ ចេនហ្ស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ឱ្យ​ដឹង​ថា​ អង្គភាព​បាន​រាយការណ៍​ទៅ​កាន់​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ពី​ការ​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ចុង​ក្រោយ​របស់​អតីត​អ្នក​ឧកញ៉ា និង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ លោក ចេនហ្ស៊ី ដែល​លោក​ ឱម យ៉ិន​ទៀង​ បាន​បញ្ជាក់​ថា​ការ​មិន​បាន​ប្រកាស​ទ្រព្យ​របស់​លោក Chen Zhi គឺ​ដោយ​សារ​ «ជាប់គុក​នៅ​ប្រទេស​ចិន»។

លើក​ឡើង​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលាថ្នាក់ជាតិស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៦​នេះ​ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា៖ «មាន​បុគ្គល​២នាក់​អត់​ប្រកាស​ទ្រព្យ​ទេ​! ១​មាន​ Chen Zhi នោះ​ ឱ្យ​តែ​តែង​តាំង​ជា​ទី​ប្រឹក្សា​ខ្ញុំ​អត់​ខ្វល់​រឿង​ចិន ចូរ អី​ទេ ឱ្យ​តែ​តែង​តាំង​ជា​ទី​ប្រឹក្សា​គឺ​ត្រូវ​ប្រកាស​ទ្រព្យ​ណា! មិន​មែន​រដ្ឋាភិបាល​យើង​ធ្វើ​លេង​សើច​ឯណា​។ ប្រកាស​ទ្រព្យ​មក​ ACU ប៉ុន្មាន​ដង​ហើយ​។ ពេល​គាត់​បញ្ឈប់​ពី​ទីប្រឹក្សា​គាត់​អត់​បាន​ប្រកាស​ទ្រព្យ​ចុង​ក្រោយ​ផង។ យើង​បាន​រាយការណ៍​មូលហេតុ​ព្រោះ​គាត់​ជាប់​គុក​នៅ​ប្រទេស​ចិន។​អាហ្នឹង​ខ្ញុំ​ត្រូវ​រាយការណ៍​ដល់​ក្រុម​ប្រឹក្សា​ជាតិ​កុំ​ឱ្យ​គាត់​ថា​យើង​​មិន​អនុវត្ត​ច្បាប់​លើ​ករណី​គាត់​មិន​ប្រកាស​ទ្រព្យ​នេះ​ Chen Zhi ណា»។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូបនេះ​ បាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​កម្ពុជា​គឺ​ចាប់​ពី​រាល់​អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អនុក្រឹត្យ​ឡើង​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ អតីត​អ្នក​ឧកញ៉ា​ Chen Zhi ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៦ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ដោយ​ផ្នែក​ទៅ​តាម​សំណើ​របស់​អាជ្ញាធរ​ចិន​។ ការ​ចាប់​ខ្លួន​ ចេនហ្ស៊ី នេះ​គឺ​បន្ទាប់​ពី​អាជ្ញាធរ​ចិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​អាថ៌កំបាំង​លើ​ក្រុម​ហ៊ុន​ព្រីនស៍គ្រុប​ តាំង​ពី​ឆ្នាំ​២០២០ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ក្នុង​បណ្ដឹង​នៅ​តុលាការ​ចិន​ក្នុង​សំណុំ​រឿង​ឆបោក​អនឡាញ​។

គួរជម្រាបជូនថា​ ​​​​កាលពីខែមករាកន្លងទៅនេះ​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​​​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ Reuter​ថា ចេនហ្ស៊ី ទទួល​សញ្ញាតិ​ខ្មែរ​បាន​ដោយ​ខុស​ច្បាប់ ហើយ​ការ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ​គឺ​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បទ​ល្មើស​ឆបោក​បោក​អនឡាញ​នៅ​ក្នុង​ប្រទេស​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print