ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្ដហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោង មិនប្រយ័ត្នជ្រុលបុកឡើងឃឿនសួនច្បារទ្រូងផ្លូវ ហោះទៅបុករ៉ីម៉កម៉ូតូ និងបន្តទៅឡើងឃឿនរង្វង់មូលជ្រោយចង្វា បណ្ដាលឲ្របុរសជាម្ចាស់រ៉ីម៉កម៉ូតូម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4868 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ។
ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងមកត្បូង (ចូលភ្នំពេញ) បើកក្នុងល្បឿនលឿនមិនប្រយ័ត្នពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង រថយន្ដមិនបន្ថយល្បឿនក៏ជ្រុលបុកឡើងឃឿនសួនច្បារទ្រូងផ្លូវហោះពីផ្លូវម្ខាងទៅផ្លូវម្ខាងហើយជ្រុលទៅបុករ៉ឺម៉កម៉ូតូដែលកំពុងធ្វើដំណើរវាងរង្វង់មូលនិងបន្តទៅបុកឡើងឃឿនរង្វង់មូលជ្រោយចង្វារថែមទៀត បណ្ដាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូរងរបួសធ្ងន់ចំណែកម្ចាស់រថយន្ដរងរបួសស្រាល ។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដគឺមិនបានរត់ទៅណានោះទេគឺបានចុះពីរថយន្ដទៅមើលជនរងគ្រោះហើយលើកដៃសំពះសុំទោសគេគ្រប់គ្នា ។
ក្រោយមករថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយម្ចាស់រថយន្ដក៏ទៅជាមួយជនរងរគ្រោះផងដែរ ចំណែករថយន្ដនិងរឺម៉កម៉ូតូសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕
ដោយ៖ ព្រែកជ័យ