ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង តូចស្រីពេជ្រ កាន់តែទទួលបានការងារសម្តែងច្រើនក្នុងអាជីបសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាបន្ទាប់។ តារាស្រីរូបនេះបញ្ជាក់ថា នាងបាននឹងកំពុងសម្តែងក្នុងខ្សែភាពយន្តមិនតិចជាង៥រឿងទេក្នុងពេលតែមួយក្រោយពីនាងប្តូរម៉ូដសក់វែងមកជាសក់ខ្លីវិញ។
អតីតតារាបង្ហាញម៉ូដប្រចាំក្រុមEMA អ្នកនាងតូច ស្រីពេជ្របានបោះជំហ៊ានក្នុងសិល្បៈអស់ជាច្រើនឆ្នាំមកហើយដោយបានធ្វើឲ្យអ្នកដឹកនាំរឿងនិងបណ្តាម្ចាស់ផលិតកម្មនានាចាប់អារម្មណ៍រហូតទំនាក់ទំនងយកទៅសម្តែងជាប្រចាំ។ អ្វីដែលប្លែកគឺចាប់តាំងពីតារាស្រីរូបស្រស់ម្នាក់នេះកាត់សក់ខ្លីយកស្ទីលប្លែកមកស្រាប់តែសន្ទុះនៃពន្លឺសិល្បៈរបស់នាងកាន់តែមមាញឹកជាងមុនទាំងមិននឹកស្មានដល់។ តារាស្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីនាងបានកាត់សក់ខ្លីមកគឺអាជីពសិល្បៈរបស់នាងស្រាប់តែប្លែកជាងមុនច្រើនមានគេហៅថតរឿងភាគបន្តគ្នានិងស្ពតធំៗមួយចំនួនទាំងក្នុងចិត្តយល់ថាប្លែកខ្លាំង។ នាងបន្តថា តាមការពិតនាងពិតជាស្រលាញ់សក់វែងខ្លាំង ប៉ុន្តែដោយសារតែមិនចង់ឲ្យការតុបតែងខ្លួនដដែលៗទើបនឹងសម្រេចចិត្តផ្លាស់ប្តូរទម្រង់សក់ហើយក៏មានការជំរុញពីមិត្តរួមអាជីព និងផលិតករដែរ។ តារាសម្តែងតួឆ្នាស់រូបនេះលើកឡើងទៀតថា រឿងដែលនាងបានសម្តែងកន្លងមកមានរឿង«វិថីនារី» រឿង«វិស្សមកាលមរណៈ»ជាដើម ហើយពេលនេះនាងបានកាន់តួអង្គសំខាន់ក្នុងខ្សែភាពយន្តភាគនិងខ្នាតធំមួយចំនួនទៀតដូចជារឿង«ស្នេហ៍បញ្ច្រាសទិស» រឿង«ប្រពន្ធក្រៅបេះដូង» រឿង«សុបិន្តយុវវ័យ» រឿង«បំណុលប្រាក់ជំពាក់ស្នេហ៍» និងរឿង«កូនស្រីអ្នកនេសាទ»ជាដើម។ អ្វីដែលនាងទើបតែចាប់ឱកាសបានគឺជាប់ក្នុងតំណែងថតស្ពតធំមួយឲ្យក្រុមហ៊ុនទូរស័ព្ទធំមួយក្រោយធ្វើតេស្ត៍ជាមួយតារាមួយចំនួនទៀត។ នាងពេញចិត្តនឹងអ្វីដែលខ្លួនអាចកសាងបាននៅក្នុងសិល្បៈតាំងតែពីដំបូងតាំងតែពីកវែកកឆ្នាំងទោះលំបាកបែបណានាងនៅតែស៊ូទ្រាំរហូតពេលនេះនាងអាចធ្វើឲ្យគេស្គាល់បណ្តាម្ចាស់ផលិតកម្មនានាពេញចិត្តគឺនាងរំភើបបំផុត។ ក្រៅពីនេះនាងនៅមានបណ្តាមិត្តភក្តិជិតស្និតជាច្រើនទៀតតែងតែជួយលើកទឹកចិត្តគ្រប់វិនាទីទាំងសប្បាយទាំងមានបញ្ហានានាក្នុងសិល្បៈដែលអាចជាជំហ៊ានធ្វើឲ្យនាងដើរទៅមុខបានយ៉ាងល្អ។
តាមរយៈការបង្ហាញស្នាដៃកន្លងទៅនៅតាមបណ្តាខ្សែភាពយន្តនានានាងក៏មិនភ្លេចចំពោះទស្សនិកជននានាទាំងអស់បានជួយកែលម្អរាល់ចំនុចខ្វះខាតដើម្បីឲ្យតារានីមួយៗចេះវិវត្តន៍ខ្លួនផងដែរ។ នាងនឹងព្យាយាមធ្វើយ៉ាងណាពង្រឹងស្នាដៃសម្តែងឲ្យល្អបន្តឡើងក្នុងនាមជាអ្នកសម្តែងដើម្បីចង់បន្សល់ទុកស្នាដៃទាំងឡាយដែលកើតចេញពីការស្រឡាញ់សិល្បៈនេះទុកទៅថ្ងៃខាងមុខ៕
ដោយ៖ វឌ្ឍនា