ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពីការរាយការណ៍វឌ្ឍនភាពលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរព្រំដែន នៃអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំរឹទ្ធ ឌី និងលោក ហ៊ូ សាគុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីតាមដាន វាយតម្លៃ និងពិនិត្យលទ្ធផលនៃការអនុវត្តការងាររបស់នាយកដ្ឋានកណ្តាលនគរព្រំដែនក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ កន្លងមក។
នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារសំខាន់ៗ ដែលនាយកដ្ឋានកណ្តាលនគរព្រំដែនបានអនុវត្តក្នុងរយៈពេលកន្លងមក ដូចជា ការពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមិត្តភាពតាមបណ្តោយព្រំដែន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងវាយតម្លៃលើបញ្ហាប្រឈមនានា ក្នុងដំណើរការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ចេញវិធានការបន្ថែម សម្រាប់បង្កើនប្រសិទ្ធភាពការងារបន្តទៅមុខ។
ថ្លែងក្នុងកិច្ចប្រជុំ លោក សំរឹទ្ធ ឌី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃនាយកដ្ឋានកណ្តាលនគរព្រំដែន ដែលបានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារអធិបតេយ្យភាពតាមបណ្តោយព្រំដែន។
ជាមួយនេះ លោក ហ៊ូ សាគុណ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដោយជំរុញឱ្យនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមតំបន់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គមប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានកំណត់ទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយកដ្ឋានកណ្តាលនគរព្រំដែន ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ៖តារា










