ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ប្រមាណ ១៧លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ និងលើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម ចាប់តាំងពីប្រទេសកម្ពុជា និងប្រទេសថៃ បានផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់លម្អិតទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិក ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។
ឯកអគ្គរាជទូតជប៉ុន បានអះអាងថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦ ជប៉ុន បាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀតជប៉ុន ក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមផងដែរ។ ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧លានដុល្លារអាមេរិក។ ជប៉ុន មានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ។
ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃនេះ, លោកបានគូសបញ្ជាក់ថា ជប៉ុន សង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើងវិញឆាប់ៗតាមដែលអាចធ្វើតាមដែលអាចធ្វើបានតាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។ ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ហើយនឹងបន្តផ្តល់ការគាំទ្រក្រោមទម្រង់ផ្សេងៗ។
គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់។
ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសេវាសាធារណៈនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការដែលជប៉ុនមានជាមូយកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន៕



ដោយ៖តារា










