កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: លោក គុយ ឆាយ រដ្ឋលេខាធិការ តំណាង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក សឹម សុខព្រី អនុរដ្ឋលេខាធិការ ឯកឧត្តម ហុក បូទី ទីប្រឹក្សាក្រសួង លោក ឌុច គន្ធា អភិបាលរង តំណាង លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ឈឹម បុរស ប្រធានមន្ទីរ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៤៧រូប ស្រី ៩រូប។

 

លោក ឌុច គន្ធា អភិបាលរងខេត្ត បានឡើងមានមតិស្វាគមន៍ សំណេះសំណាល និងមានចំណាប់អារម្មក្នុងកិច្ចប្រជុំ ជាកិច្ចបន្ត ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញមានមតិបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្វាយរៀង។

 

បន្ទាប់មកលោក ឈឹម បុរស ប្រធានមន្ទីរ បានឡើងអានរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្វាយរៀង ជូនកិច្ចប្រជុំបានជ្រាប។

 

ក្រោយពីបញ្ចប់ការអានរបាយការណ៍រួចមក អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសទៅលើលទ្ធផលការងារដែលសម្រចបាននាពេលកន្លងមក និងរួមគ្នាដោះស្រាយបញ្ហា និងលើកទិសដៅការងារបន្ដដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

 

ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ទីរដែលជាសេនាធិការឲ្យក្រសួង និងបានជម្រាបជូនអង្គប្រជុំអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទទាំង ៥ របស់ក្រសួង។

 

លោក រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្ដីនឹក រលឹក និងការស្រលាញ់រាប់អានដ៍ជ្រាលជ្រៅពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានអញ្ជើញចូលរួមផងដែរ។

 

មុននឹងបញ្ចប់កិច្ចប្រជុំ លោក រដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម ៖

-បន្ដអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអោយបានសកម្មបន្ថែមទៀតដើម្បីឆ្លើយតប ទៅនឹងចក្ខុវិស័យរបស់ក្រសួង។

-បន្ដថែរក្សាសមិទ្ធផលរបស់ក្រសួងដែលមានស្រាប់ និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការស្ថាបនាផ្លូវ សាងសង់ស្រះទឹក អណ្ដូងទឹកជាដើម។

-បន្ដផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង ក៏ដូចជារាជដ្ឋាភិបាលដល់ប្រជាពលរដ្ឋអោយបានជ្រួតជ្រាបក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

-បន្ដសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវសូមកុំអោយលុបលូបង្ហូរទឹក ឬចាក់ដីខ្ពស់ជាងផ្លូវ។

-រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print