រដ្ឋបាលលោក ត្រាំ មានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ទោះកំពុងស្នើសុំថវិកាបន្ថែមពីសភាក៏ដោយ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា រដ្ឋាភិបាលអាមេរិកមានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែកំពុងស្នើសុំថវិកាបន្ថែមពីសភា ដើម្បីធានាថា យោធាមានការផ្គត់ផ្គង់ប្រសើរគ្រប់គ្រាន់នាពេលអនាគត។

សំណើរបស់សេតវិមាន ដើម្បីសុំថវិកាយោធា២០០ពាន់លានដុល្លារបន្ថែមសម្រាប់សង្រ្គាមអ៉ីរ៉ង់ កំពុងប្រឈមការជំទាស់ខ្លាំងនៅក្នុងសភាអាមេរិក ដោយបក្សប្រជាធិបតេយ្យ និងសូម្បីតែសមាជិកមួយចំនួនរបស់បក្សសាធារណរដ្ឋ បានចោទសួរពីតម្រូវការនេះ ក្រោយការអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើម កាលពីឆ្នាំមុនរួចទៅហើយនោះ។
លោក Bessent បានចេញមុខនិយាយការពារការស្នើសុំនេះ។ លោករដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងមានលុយច្រើនដើម្បីធ្វើសង្រ្គាមមួយនេះ។ សំណើនេះគ្រាន់ជាការបន្ថែមប៉ុណ្ណោះ។ លោកប្រធានាធិបតី ត្រាំ ចង់ធានាថា យោធាត្រូវបានផ្គត់ផ្គង់ល្អប្រសើរគ្រប់គ្រាន់ សម្រាប់ពេលអនាគត»។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លុយបន្ថែមខាងលើ គឺត្រូវការដើម្បីធានាថា យោធាត្រូវបានទ្រទ្រង់មូលនិធិដោយសមស្រប សម្រាប់អ្វីដែលបានធ្វើរួចហើយ និងសម្រាប់អ្វីដែលប្រហែលត្រូវធ្វើ នាពេលអនាគត។
កាលពីចុងឆ្នាំ២០២៥ សភាអាមេរិកបានអនុម័តកញ្ចប់ថវិកាការពារជាតិ រហូតដល់ជាង ៩០០ពាន់ដុល្លារសម្រាប់ឆ្នាំ២០២៦។ សញ្ញាជាបឋមបានបង្ហាញថា សង្រ្គាមអ៉ីរ៉ង់ នឹងជាសង្រ្គាមដែលចំណាយលុយច្រើនបំផុតសម្រាប់សហរដ្ឋអាមេរិក គិតចាប់តាំងពីសង្រ្គាមរយៈពេលវែង កាលពីនៅប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ មន្រ្តីរដ្ឋបាលលោក ត្រាំ បានប្រាប់ក្រុមសមាជិកសភាអាមេរិកថា រយៈពេល៦ថ្ងៃដំបូងនៃសង្រ្គាមអ៉ីរ៉ង់ ចំណាយថវិកាប្រមាណជាង១១ពាន់លានដុល្លារ៕

រូបថត​: reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print