តម្លៃប្រេងបានកើនឡើងនៅក្នុងការជូញដូរដំបូងនៅថ្ងៃអង្គារដោយភ័យខ្លាចពីការផ្គត់ផ្គង់ខ្វះខាត ខណៈដែលអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ដោយផ្ទុយពីប្រធានាធិបតី Donald Trump ដែលបាននិយាយថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។
តម្លៃប្រេង Brent បានកើនឡើង 1.06 ដុល្លារ (1.1%) ទៅដល់ 101 ដុល្លារ/បារ៉ែល ខណៈប្រេង WTI របស់អាមេរិកកើនឡើង 1.58 ដុល្លារ (1.8%) ទៅ 89.71 ដុល្លារ/បារ៉ែល។
កាលពីថ្ងៃចន្ទ តម្លៃប្រេងធ្លាក់ចុះជាង 10% បន្ទាប់ពីលោក Trump ប្រកាសពន្យារពេល 5 ថ្ងៃ សម្រាប់ការវាយប្រហារលើស្ថានីយ៍អគ្គិសនីរបស់អ៊ីរ៉ង់ ហើយបាននិយាយថា មានការចរចាដែលមានលទ្ធផលវិជ្ជមានជាមួយមន្រ្តីអ៊ីរ៉ង់។
អ្នកវិភាគទីផ្សារ Tim Waterer បាននិយាយថា ការពន្យារពេលនេះបានកាត់បន្ថយ “ថ្លៃសង្គ្រាម” ក្នុងតម្លៃប្រេង ប៉ុន្តែទីផ្សារនៅតែមានភាពមិនប្រាកដ។
សង្គ្រាមនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ដោយប្រហែល 20% នៃការផ្គត់ផ្គង់ពិភពលោក ត្រូវបានរាំងខ្ទប់តាមរយៈ Strait of Hormuz ទោះបីជាមាននាវាប្រេងពីរគ្រឿងបានឆ្លងកាត់ទៅកាន់ប្រទេសឥណ្ឌាក៏ដោយ។
អ៊ីរ៉ង់ បានបដិសេធការអះអាងអំពីការចរចា និងថា វាជាការប៉ុនប៉ងបញ្ចេញព័ត៌មានដើម្បីបំផ្លាញទីផ្សារហិរញ្ញវត្ថុ។ កងកម្លាំងឆ្មាំបដិវត្តន៍ក៏បានប្រកាសវាយប្រហារថ្មីលើគោលដៅអាមេរិកផងដែរ។
ក្រុមហ៊ុន Macquarie បានព្យាករណ៍ថា ទោះបីមានភាពតានតឹងធ្លាក់ចុះ ក៏តម្លៃប្រេងអាចស្ថិតនៅចន្លោះ 85–90 ដុល្លារ/បារ៉ែល ហើយអាចឡើងដល់ 110 ដុល្លារ ឬសូម្បី 150 ដុល្លារ ប្រសិនបើផ្លូវទឹក Hormuz នៅតែបិទរហូតដល់ចុងខែមេសា។
ការប្រយុទ្ធបានបំផ្លា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ជាច្រើន រួមមានការវាយប្រហារលើក្រុមហ៊ុនឧស្ម័ន និងបំពង់បង្ហូរឧស្ម័ននៅក្នុងអ៊ីរ៉ង់។
នៅពេលជាមួយគ្នានេះ អាមេរិកបានផ្អាកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរុស្ស៊ី និងអ៊ីរ៉ង់ដែលនៅលើសមុទ្រ ដើម្បីបន្ថយការខ្វះខាតផ្គត់ផ្គង់។
នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអាស៊ី និងអឺរ៉ុប លើការចេញបន្ថែមទៀតនៃទុនបម្រុងយុទ្ធសាស្ត្រ “ប្រសិនបើចាំបាច់” ។
នាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងរដ្ឋមន្ត្រីថាមពលជាច្រើននាក់នៅក្នុងសន្និសីទមួយនៅទីក្រុងហ៊ូស្តុន បានព្រមានអំពីផលប៉ះពាល់រយៈពេលវែងនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់លើសេដ្ឋកិច្ចពិភពលោក ទោះបីជារដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក Chris Wright បានព្យាយាមបន្ថយការព្រួយបារម្ភនៃវិបត្តិនេះក៏ដោយ៕










