ខេត្តកណ្តាល÷មុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយចុះបង្ក្រាប និងឃាត់ខ្លួនបានដល់ក្នុងផ្ទះ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០៨និង៣៥នាទីព្រឹក ថ្ងៃទី២៣ មីនា ២០២៦ ស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ទី១ឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំជាម្ចាស់ផ្ទះ,ទី២ឈ្មោះ ឡូញ ឡាំងម៉េង ភេទប្រុស អាយុ ២០ឆ្នាំនិងទី៣ឈ្មោះ នៅ ភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំជាមុខសញ្ញាជួញដូរ ដោយអ្នកទាំងបីមានមុខរបរមិនពិតប្រាកដ។ ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច (ទម្ងន់ ១,០៩ក្រាម), ទូរស័ព្ទដៃ ២គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកអធិការបានបន្តថា មុនពេលឈានដល់ការបង្ក្រាប គឺមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនយ៉ាងអនាធិបតេយ្យនៅផ្ទះរបស់ឈ្មោះ ច្រឹក ម៉េងហុង។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់ចំណុចកើតហេតុ និងឈានដល់ការឃាត់ខ្លួនមុខសញ្ញាទាំង ៣នាក់ ព្រមទាំងរឹបអូសវត្ថុតាងបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នៅ ភក្រ្ត័ សារភាពថា ថ្នាំញៀន ៦កញ្ចប់តូច នោះពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនធ្លាប់លក់ថ្នាំញៀនឲ្យទៅឈ្មោះ ច្រឹក ម៉េងហុង ចំនួន ៣ដង រួចមកហើយ ដោយក្នុង ១ដង តម្លៃ ១ម៉ឺនរៀល។ ចំណែកឈ្មោះ ច្រឹក ម៉េងហុង ក៏បានសារភាពដែរថា ខ្លួនពិតជាបានទិញថ្នាំញៀនពីឈ្មោះ នៅ ភក្រ្ត័ ដើម្បីយកមកប្រើប្រាស់មែន រីឯឈ្មោះ ឡូញ ឡាំងម៉េង បានសារភាពថា ខ្លួនគ្រាន់តែបានសុំថ្នាំញៀនពីឈ្មោះ នៅ ភក្រ្ត័ ដើម្បីចូលរួមប្រើប្រាស់ជាមួយគ្នាប៉ុណ្ណោះ។
ប្រតិបត្តិការចុះបង្ក្រាបដ៏ទាន់ពេលវេលានេះ ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងចំណាត់ការក្តៅគគុកក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ក្នុងការឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ពីមូលដ្ឋាន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










