ខេត្តស្វាយរៀង ៖ នេះជាការរំពឹងទុករបស់ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅក្រុងស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ សម្ដេចធិបតី ថា ហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងផ្លូវល្បឿនលឿន បាននិងកំពុងកសាងជាបន្តបន្ទាប់ ដែលបម្រើឱ្យការតភ្ជាប់ដ៏សំខាន់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ សក្ដានុពលនៅខេត្តស្វាយរៀង ក្រៅពីវិស័យកសិកម្ម ក៏មានវិស័យឧស្សាហកម្មជាវិស័យដែលជាវិស័យដ៏មានសក្ដានុពលនាពេលខាងមុខ ដោយសម្ដេចមើលឃើញថា រយៈពេលប្រមាណ២០ឆ្នាំខាងមុខ ខេត្តនេះនឹងក្លាយជាខេត្តដ៏មានសក្ដានុពលររបស់កម្ពុជាជួយដល់សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅខេត្តស្វាយរៀងទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្រប ដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨% ៕
ដោយ ៖ សិលា










