រកឃើញសំណេរផ្តែផ្តាំឱ្យជួយមើលថែកូនស្រី និងសំឡេងបងស្រីលួងលោមក្នុងទូរស័ព្ទសពអណ្តែតទឹក 

ចែករំលែក៖

ខេត្តកណ្តាល÷ ក្រោយមានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកហើយរាយការណ៍ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង២៣នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងទឹកមាត់ច្រាំងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាលមក សមត្ថកិច្ចបានរកឃើញសំណេរផ្តែផ្តាំបងស្រីឱ្យជួយមើលថែកូនស្រី និងសំឡេងបងស្រីនិយាយលួងលោមក្នុងឆាត  Facebook ទូរស័ព្ទរបស់សព ។

 

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ទិត្យារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូកាតាំង ឃុំស្វាយប៉ោ(១) ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរកឃើញទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿងនៅក្នុងហោប៉ៅរបស់សពជនរង គ្រោះ និងបានឆែកក្នុងឆាត Messenger ក៏បានរកឃើញសំណេរជាពាក្យបណ្តាំរបស់សពពេលនៅរស់ ដែលមានសំណេរថា បងស្រី ពេលបងបានអានសារនេះ ប្រហែលជាប្អូនលែងនៅក្នុងលោកនេះហើយ ! ខ្ញុំសម្រេចចិត្តទៅហើយ សូមបងផ្តាំសុំខមាទោសពីប៉ានិងបងបងផង ! …..}។ ពាក្យចុងក្រោយសរសេរថា សង្ឃឹមថាបងបងមិនប្រកាន់ខឹង និងជួយមើលថែកូនស្រីខ្ញុំផង  ប្អូនសូមទោស។

 

នៅក្នុងឆាតfacdbook ក៏បានឮសំឡេងបងស្រីនិយាយលួងលោមកុំឱ្យប្អូនគិតខ្លី បើប្អូនខ្វះខាតអ្វីប្អូនអាចមកខ្ចីលុយបងបាន ឬដើម្បីស្ងប់ចិត្ត ប្អូនអាចបួសនៅក្នុងវត្តមួយរយ:សិនក៏បាន ។

 

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយសមត្ថកិច្ចជំនាញពិនិត្យយ៉ាងល្អិតល្អន់ម៉ត់ចត់ គឺមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ និងយោងតាមលោកគ្រូពេទ្យ គឺបានដាក់សេចក្តីសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។

 

សពត្រូវបានវេចខ្ចប់ដោយថង់ប្លាស្ទិក យកទៅរក្សាទុកជូនក្រុមគ្រួសារសាច់ញាតិដែលបានទំនាក់ទំនងតាមទូរស័ព្ទរបស់សពជនរងគ្រោះដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print