ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយខុសច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថហងៃទី២៦ខែមីនា ឆ្នាំ២០២៦ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១៥ និង៤០នាទី ចំណុចភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MA RONGZHAI ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិ ចិន បច្ចុប្បន្នស្នាក់នៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
មុខរបរ ជាងបាញ់ថ្នាំឡាន ។ចំណែកជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ៤៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន: កាំបិតប៉័ងតោ០១ ផ្លែដែកដងជ័រពណ៌ខ្មៅ ប្រវែង៣២សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ យឹម សុភ័ក្រ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា:នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ ឈ្មោះ លឹម សុភ័ក្រ បានបញ្ឈប់ការងារឈ្មោះ សុគន្ធ សុខា ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ហើយមិនទាន់ទូទាត់ប្រាក់ខែឲ្យចំនួន២២០$ ដោយសន្យាថា: ២ទៅ៣ថ្ងៃទៀតទើបបើកប្រាក់ខែឲ្យ បន្ទាប់មកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះបានបើកហាង ដើម្បីប្រកបអាជីវកម្មជាធម្មតា ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះដល់វេលាម៉ោង១៥និង៤០នាទីនាថ្ងៃដដែល ពេលជនរងគ្រោះកំពុងតែលក់ដូរ ភ្លាមនោះស្រាប់តែជនសង្ស័យត្រូវជាប្តីរបស់ឈ្មោះសុគន្ធ សុខា ហើយជាកម្មកររបស់ខ្លួនផងដែរ បានដើរដោះអាវចូលមកក្នុងហាងនិងដៃកាន់កាំបិតប័ងតោមកជាមួយ មករករឿងជនរងគ្រោះ ពីរឿងលុយប្រាក់ខែដែលជនរងគ្រោះមិនទាន់ទូទាត់ឲ្យប្រពន្ធរបស់ជនសង្ស័យ ដោយជនរងគ្រោះបាននិយាយជាមួយជនសង្ស័យជាភាសាចិនបកប្រែជាភាសាខ្មែរថា:ចាំប្រពន្ធរបស់ខ្លួនលក់បាននឹងទូទាត់ឲ្យ តែដោយសារមិនមានអ្នកបកប្រែទើបមិនអាចស្ដាប់គ្នាបាន ក្រោយមកជនសង្ស័យបានយាកាំបិតដែលកាន់នឹងដៃនោះដាក់ជនរងគ្រោះជាច្រើនដងតែមិនបានកាប់នោះទេ បន្ទាប់មកជនសង្ស័យបានយកកាំបិតប័ងតោនោះកាប់មកលើទ្រូងខ្លួនឯង ក្រោយពីកាប់ខ្លួនឯងរួចជនសង្ស័យបានកាន់កាំបិតខាងលើដើរចេញទៅក្រៅវិញ បន្ទាប់មកទៀតនៅវេលាម៉ោង១៨និង២៥នាទីជនសង្ស័យនិងប្រពន្ធបានមកដល់ផ្ទះរបស់ជនរងគ្រោះម្ដងទៀត រួចប្រពន្ធរបស់ជនរងគ្រោះក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាខ្លួនពិតជាបានកាន់កាំបិតចូលមកហាងរបស់ជនរងគ្រោះ ហើយកាប់ខ្លួនឯងចំនួន០៤កាំបិត ចំលើដោះ០២កាំបិតនិងក្រោមដោះ០២កាំបិតផ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសខ្លួនឯងប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ










