ភ្នំពេញ៖ តំបន់រាមសារស្ទឹងសែន គឺជាតំបន់ស្នូលដ៏សំខាន់មួយនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលសម្បូរទៅ ដោយព្រៃលិចទឹកនិងជីវចម្រុះ។ តំបន់នេះមានតួនាទីជាទីជម្រកនិងជាកន្លែងរកចំណីដ៏សំខាន់សម្រាប់សត្វកម្រជិតផុតពូជជាច្រើនប្រភេទ ជាពិសេសសត្វស្លាបទឹកដែលតែងតែមកប្រមូលផ្តុំរកចំណីនៅទីនេះក្នុងរដូវទឹកសម្រក។
ប្រភពពីអង្គការNatureLife បានឱ្យដឹងនៅថ្ងទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា រដូវទឹកសម្រកគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបទឹកនៅតំបន់រ៉ាមសារស្ទឹងសែន។ សត្វស្លាបទឹកសំខាន់ៗជាច្រើនប្រភេទតែងមករកចំណីក្នុងតំបន់នេះរួមមាន អកត្រីក្បាលប្រផេះ រនាលពណ៌ សត្វចង្រៀលខ្យង ត្រយងខ្លួនរលោង និងស្មោញ ព្រមទាំងសត្វស្លាបទឹករាប់ពាន់ក្បាលផ្សេងទៀត ដែលកំពុងរកចំណី និងសម្រាកយ៉ាងសុខសាន្តនៅតាមទ្រនំរបស់ពួកវា។ ទិដ្ឋភាពថ្ងៃលិចលើព្រៃលិចទឹក អមជាមួយសម្លេងសត្វស្លាបហោះត្រឡប់ចូលទ្រនំ បង្ហាញពីភាព ស្ងប់ស្ងាត់ និងសុខដុមរមនា។ នេះគឺជាអ្វីដែលក្រុមការងារអង្គការជីវិតធម្មជាតិ មន្រ្តីឧទ្យានុរក្ស សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធតែងតែខិតខំការពារជាប្រចាំ ៕

ដោយ៖ សំរិត









