ខេត្តស្ទឹងត្រែង÷ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសត្វ ស្លាប ជិតផុតពូជបំផុតនៅលើពិភពលោក ក្រុមអ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង បានសម្រេចចិត្តចំណាយថវិកាប្រមាណ ៨០០ដុល្លារ ជារៀងរាល់សប្តាហ៍ ដើម្បីទិញក្របី១ក្បាលធ្វើជាចំណីបំប៉នដល់សត្វត្មាត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរក្សាវត្តមាន សត្វកម្រនេះឱ្យនៅគង់វង្ស។
មន្ត្រីអង្គការ Rising Phoenix លោក អៀង សំណាង បានពន្យល់ថា សត្វត្មាតមិនមែនគ្រាន់តែជាសត្វស្លាបធម្មតានោះទេ ប៉ុន្តែពួកវាគឺជា «ភ្នាក់ងារអនាម័យ» ឬ «អ្នកសម្អាតបរិស្ថាន» ដ៏ជំនាញរបស់ធម្មជាតិ។ លោកថា ត្មាតមានតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគ និងជំងឺឆ្លងផ្សេងៗ។ ការបាត់បង់សត្វត្មាត អាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈរបស់មនុស្សជាតិផងដែរ។
យោងតាមទិន្នន័យកត់ត្រាក្នុងឆ្នាំ២០២៤ វត្តមានសត្វត្មាតនៅក្នុងតំបន់នេះមានរហូតដល់ ១៣៤ក្បាល។ តួលេខនេះបង្ហាញពីភាពជោគជ័យនៃកិច្ចការអភិរក្ស ប៉ុន្តែក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរក្នុងស្វែងរកថវិកា ដើម្បីផ្គត់ផ្គង់ចំណីបន្ថែមផងដែរ៕










