ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីបានចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា ចាប់ពីឆ្នាំ២០១៨មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។ បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជាការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
លោកអ្នកនាំពាក្យ បានបន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។ ខណៈពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។ យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស។ ជាក់ស្តែងអត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានបន្តថា ការប្រើប្រាស់យានយន្តអគ្គិសនី នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក ដែលមានដូចខាងក្រោម៖
* ទី១៖ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖ ការប្រើប្រាស់យានយន្តអគ្គិសនី នឹងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។
ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។
* ទី២៖ សន្តិសុខថាមពល៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថា កម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។
* ទី៣៖ ការសន្សំសំចៃ៖ ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។
* ទី៤៖ ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖ បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់ខ្លួន។
សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕ដោយ៖តារា










