ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជំរាបជូនបងប្អូនជនរួមជាតិជ្រាប ដូចខាងក្រោម៖
ព័ត៌មានទី១៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដីនិងប្រជាជន៖
តំបន់ព្រំដែនកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈការដាក់ទូរកុងតឺន័រនិងបន្លាលួស ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវបានរាជរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។
ជាក់ស្តែង បន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិនានាចុះទៅកាលពីថ្ងៃសុក្រ ទី២៧ ខែមីនា នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់វេនក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាម្តង ដែលបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ បេសកកម្មនេះ គឺដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីការគោរព និងអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមបញ្ជាក់ជូនថា ក្នុងផ្នែកទី II ស្តីពីយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួម មានចែងអំពីការទទួលស្គាល់របស់ភាគីទាំងពីរ (កម្ពុជា-ថៃ) អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍នេះក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម។
ដូច្នេះ វត្តមានជាបន្តបន្ទាប់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅឯតំបន់ព្រំដែនឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពនិងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក៏ដូចជា ការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យបានឆាប់រហ័សតាមយន្តការការទូតនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
សូមបញ្ជាក់ជូនថា កម្ពុជាការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ។
ព័ត៌មានទី២៖ វិធានការរបស់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះជារួមមាន៖
ទី១.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។
ទី២.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី ៩០ ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ ដុល្លារក្នុង១បារ៉ែល។
ទី៣.រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់ ០ ពោលគឺ រដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
ទី៤.ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ធន:បន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តតាមដានការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពលនេះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នទាំងអស់ក៏ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាលនិងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ខណៈដែលរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពង្រឹងសក្តិសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។ ក្រសួង ស្ថាប័នទាំងអស់ត្រូវបានណែនាំឱ្យបំផុសចលនានិងស្មារតីរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបាន។ វិធានការទាំងនេះបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕
ដោយ៖តារា










