ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០០៖៥៣នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅត្រង់ចំណុចមុខបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ បុល សុខចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖
-ដែកសំប៉ែតមុខស្រួចចំនួន ០២ដើម និង សោរលេខ ០៨ ចំនួន ០១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ)
-ដាវដែកចំនួន ០២ដើម និងកាំបិតចំនួន ០២ដើម
-ស្លាកលេខម៉ូតូចំនួន ០៤សន្លឹក (ភ្នំពេញ1IK-8776, ភ្នំពេញ1GA-7070, បាត់ដំបង1P-9401 និង ស្វាយរៀង1U-8489)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖តារា










