រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកស្រីមកកាន់ប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

 

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចយុទ្ធសាស្ត្រសំខាន់ៗដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨។ របៀបវារៈសំខាន់ៗនៃកិច្ចពិភាក្សារួមមាន ការស្តារការសិក្សាឡើងវិញ និងជំនាញមូលដ្ឋានតាមរយៈការជំរុញការអនុវត្តថ្នាក់ជាតិលើការរៀន និងបង្រៀន ការអប់រំឆ្លាតវៃឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Climate Smart Education) ដោយបញ្ជ្រាបចំណេះដឹងអំពីបរិស្ថាន និងកសាងសាលារៀនដែលមានភាពធន់ ការអភិវឌ្ឍជំនាញសតវត្សទី២១ ដើម្បីពង្រឹងបំណិនជីវិត និងសមត្ថភាពយុវជនឱ្យដើរទាន់ការវិវត្តនៃសកលលោក ព្រមទាំងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំតាមរយៈការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន ដើម្បីលុបបំបាត់គម្លាតឌីជីថល។

 

ក្នុងឱកាសនេះ លោកស្រី June Kunugi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល SEA-PLM របស់កម្ពុជានាពេលថ្មីៗនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីវឌ្ឍនភាពនៃការរៀនសូត្ររបស់សិស្ស ជាពិសេសភាពធន់របស់កម្ពុជាដែលបានកសាងប្រព័ន្ធអប់រំឡើងពីស្រមោលនៃសង្គ្រាម។ ជាមួយគ្នានេះ លោកស្រីនាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងពីបញ្ហាគម្លាតមួយចំនួនដែលត្រូវបំពេញបន្ថែម ជាពិសេសនៅតំបន់ដាច់ស្រយាល និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការ UNICEF ក្នុងការគាំទ្រដល់កម្មវិធីជាតិថ្មីរបស់កម្ពុជាឆ្នាំ២០២៤-២០២៨ ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌។

 

ជាការឆ្លើយតប តាងនាមឱ្យក្រសួងអប់រំ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី June Kunugi មកកាន់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF សម្រាប់កិច្ចសហការដ៏ល្អ និងការជួយជ្រោមជ្រែងដល់គ្រូបង្រៀន និងសិស្សានុសិស្សកម្ពុជាជាច្រើនទសវត្សកន្លងមកនេះ។ ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពវិស័យអប់រំនៃការធ្វើកំណែទម្រង់សាលារៀនក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនដូចជា ការពង្រីកលទ្ធភាពទទួលបានការអប់រំកុមារតូច ការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងការដាក់ចេញនូវស្តង់ដាសាលារៀនគំរូទូទាំងប្រទេសជាដើម។

...

 

បច្ចុប្បន្ន ក្រសួងបាននិងកំពុងចាប់យកការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ ខណៈនៅមានបញ្ហាប្រឈមពាក់ព័ន្ធនឹងឧបករណ៍បច្ចេកទេស កុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរ ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយបន្តទៀត ក្នុងគោលដៅពន្លឿនបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានបរិយាបន្ន និងសមធម៌៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print