ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសំឡូតបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៣០នាទី នៅចំការដំឡូង ភូមិបឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីលួចម៉ូតូមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកម៉ូតូ១ គ្រឿងម៉ាក អ៊ិចសិនទ័រ ពណ៍ខ្មៅ អត់ផ្លាកលេខដែលទុកផ្ញើនៅផ្ទះអ៊ុំ របស់ជនរងគ្រោះឈ្មោះ នឹង សំណាង ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តន៍បទ បញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះធ្វើការស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ សារិទ្ធ ហៅម៉ៅភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ នៅវេលាម៉ោង១៦និង១០នាទី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ រួមទាំងវត្ថុតាងម៉ូតូចំនួន ០១គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំឡូត។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន បន្ទាប់មកយកទៅលក់ឱ្យឈ្មោះ ហេន លីហុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយនិយាយកុហកថាជាម៉ូតូរបស់ខ្លួន។ ពេលនោះឈ្មោះ ហេន លីហុង ក៏យល់ព្រមទិញក្នុងតម្លៃ៣១ម៉ឺនរៀលតែម្តង ។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកអ៊ិចសិនទ័រ ពណ៍ខ្មៅ អត់ផ្លាកលេខ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំឡូត សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










