អន្តរជាតិ ៖ នាពេលបច្ចុប្បន្ននេះ សន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ភាពមិនប្រាកដប្រជាបានកើនឡើងជាបន្តបន្ទាប់។ ក្នុងពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំងនិងពោពេញទៅដោយភាពមិនប្រាកដប្រាជា ប្រទេសចិនគឺជាកម្លាំងឋិតថេរដ៏កម្រដែលអាចធ្វើឱ្យពិភពលោកស្ងប់ចិត្ត ។ មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់ជាទូទៅថា គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់និងកសាងប្រព័ន្ធថ្មីរបស់សេដ្ឋកិច្ចបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ដើម្បីចែករំលែកកាលានុវត្តភាពនិងទទួលការអភិវឌ្ឍរួមជាមួយបណ្តាប្រទេសនានា ។
ក្រុមហ៊ុន BASF របស់ប្រទេសអាល្លឺម៉ង់បានរៀបចំធ្វើពិធីបើកមូលដ្ឋាននៅក្រុង Zhanjiang នៅចុងខែមីនា ឆ្នាំនេះ ទីស្នាក់ការកណ្តាលប្រចាំនៅភាគខាងត្បូងប្រទេសចិនរបស់ក្រុមហ៊ុន KONE Elevators ដែលឋិតនៅខេត្តក្វាងទុងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមីនា ក្រុមហ៊ុន អេលី លីលី ដែលជាក្រុមហ៊ុនផលិតឱសថយក្សរបស់សហរដ្ឋអាមេរិកប្រកាសនឹងបណ្តាក់ទុន ៣០០០ លានដុល្លារអាមេរិក ឯក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេសនឹងបង្កើតមូលដ្ឋានផលិតឱសថនៅក្រុងក្វាងចូវនិងក្រុងសៀងហៃ ។ល។ តាំងពីចូលឆ្នាំនេះមក សហគ្រាសទុនបរទេសបានបង្កើនការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ។
ក្នុងរដូវផ្ការីកឆ្នាំនេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង គាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ហើយខ្សែសង្វាក់ផ្គត់ផ្គង់បានពន្លឿនការបង្កើតឡើងវិញ ។ល។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលដ៏ស្មុគ្រស្មាញនិងជ្រាលជ្រៅ ។ ក្នុងបរិបទបែបនេះ សហគ្រាសទុនបរទេសជាច្រើនបាននាំគ្នាទៅធ្វើអាជីវកម្មនៅប្រទេសចិន ហាក់ដូចជាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើទីផ្សារចិនតាមរយៈការវិនិយោគជាក់ស្តែង។ យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសថ្មីដែលបណ្តាក់ទុនដោយពាណិជ្ជករបរទេសចំនួន ៨៦៣១ សហគ្រាស ដែលកើនឡើង ១៤ ភាគរយបើប្រៀងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន ១៦១,៤៥ ពាន់លានយាន់ប្រាក់ចិន ។ ដោយឡែកវិស័យបច្ចេកវិទ្យាខ្ពស់បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន ៦៣,២១ ពាន់លានយាន់ប្រាក់ចិនដែលកើនឡើង ២០,៤ ភាគរយបើប្រៀងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលស្មើនឹង ៣៩,២ ភាគរយនៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៅទូទាំងប្រទេសចិន ។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននិងក្រសួងពាណិជ្ជកម្មចិនបានប្រកាស«បញ្ជីឈ្មោះឧស្សាហកម្មសម្រាប់លើកទឹកចិត្តការវិនិយោគរបស់ពាណិជ្ជករបរទេស(២០២៥)»នៅចុងឆ្នាំ ២០២៥ ។ បញ្ជីឈ្មោះថ្មីត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ បញ្ជីឈ្មោះថ្មីមួយនេះលើកទឹកចិត្តនិងចង្អុលបង្ហាញឱ្យសហគ្រាសទុនបរទេសធ្វើការវិនិយោគលើឧស្សាហកម្មផលិតកម្មជឿនលឿន បន្ថែមមាត្រាពាក់ព័ន្ធលើវិស័យ ដូចជាផលិតផល Terminal គ្រឿងបន្លាស់និងវត្ថុធាតុដើមជាដើម លើកកម្ពស់កម្រិតអភិវឌ្ឍន៍នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ លើកទឹកចិត្តនិងចង្អុលបង្ហាញឱ្យសហគ្រាសទុនបរទេសធ្វើការវិនិយោគលើឧស្សាហកម្មសេវាកម្មទំនើបដោយបន្ថែមមាត្រាពាក់ព័ន្ធលើវិស័យដូចជា ពង្រីកសេវាកម្មពាណិជ្ជកម្ម សេវាកម្មបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងសេវាកម្មផ្នែកប្រើប្រាស់ជាដើមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម ។
ហេតុអ្វីបានជាការវិនិយោគបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ? ចម្លើយគឺ ស្ថិតក្នុងប្រសាសន៍របស់លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មីដែលបានថា “ប្រទេសចិនគឺជាកម្លាំងលំនឹងនិងជាក្បាលម៉ាស៊ីនស្នូលសម្រាប់ជំរុញស្ថិរភាពនិងកំណើនសកល ក៏ដូចជានវានុវត្តន៍ផ្នែកពាណិជ្ជកម្មនិងបច្ចេកវិទ្យា” ។ លោក Bill Winters អគ្គនាយកនៃក្រុមហ៊ុន Standard Chartered ក៏បាននិយាយត្រង់ៗថា ប្រទេសចិនគឺជាវេទិកាលំនឹងក្នុងពិភពលោកដែលកំពុងប្រែក្លាយទៅជាអស្ថិរភាព ដែលនឹងទទួលបានកាលានុវត្តភាពវិនិយោគអន្តរជាតិកាន់តែច្រើន ។ ក្នុងបរិយាកាសដ៏ស្មុគ្រស្មាញដែលកំណើននៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿននិងគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ភាពប្រាកដប្រជាមួយនេះដែលផ្តល់ដោយប្រទេសចិន គឺ មានតម្លៃណាស់ក្នុងដួងចិត្តរបស់មន្ត្រីជាន់ខ្ពស់នៃសហគ្រាសទុនបរទេសជាច្រើន ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើទូទាំងពិភពលោកដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ តម្លៃបន្ថែមរបស់ឧស្សាហកម្មកម្មន្តសាលជារៀងរាល់ឆ្នាំសុទ្ធតែបានលើសពី ៣០ ទ្រីលានយាន់ប្រាក់ចិន ហើយបរិមាណផលិតផលឧស្សាហកម្មសំខាន់ៗជាង ២០០ ប្រភេទបានជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ។ ប្រទេសចិនមានប្រជាជនចំនួនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមចំនួនលើសពី ៤ រយលាននាក់ ដែលបានបង្កប់នូវសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏មហាសាល ។ ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ ទីផ្សារប្រើប្រាស់ដែលកំពុងពង្រីកទ្រង់ទ្រាយជាបន្តបន្ទាប់និងកំណែទម្រង់និងបើកទូលាយដែលត្រូវបានពង្រឹងជាបន្តបន្ទាប់បានផ្តល់លំហអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការបង្កើតអាជីពនិងនវានុវត្តន៍របស់សហគ្រាសទុនបរទេស ។
ឥស្សរជនវិភាគបានលើកឡើងថា ទង្វើវិនិយោគរបស់ពាណិជ្ជករបរទេសកំពុងជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅជាមួយបរិយាកាសនវានុវត្តន៍និងបរិយាកាសប្រព័ន្ធរបបរបស់ប្រទេសចិន ។ ប្រការនេះបានបង្ហាញឱ្យឃើញថា ភាពទាក់ទាញរបស់ចិនកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី”ភាគលាភទីផ្សារ”ទៅជា”ភាគលាភនៃនវានុវត្តន៍”និង”ភាគលាភនៃការបើកទូលាយផ្នែកប្រព័ន្ធរបប” ។
នៅឆ្នាំ ២០១៩ ប្រទេសចិនបានដាក់បញ្ចូលជាលើកដំបូងនូវ”ការបើកទូលាយបែបប្រព័ន្ធរបប”ទៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលជាការធ្វើឱ្យប្រសើរឡើងនៃការបន្តជំរុញការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបន្ទាប់ពីប្រទេសចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ។ នៅឆ្នាំ ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ RCEP )បានចូលជាធរមានជាផ្លូវការ ។ នៅឆ្នាំ ២០២៣ ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួនស្តីពីការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់និងជំរុញការបើកទូលាយបែបប្រព័ន្ធរបប ។ នៅឆ្នាំ ២០២៤ ប្រទេសចិនបានលុបចោលដោយគ្រប់ជ្រុងជ្រោយនូវវិធានការរឹតបន្ដឹងការអនុញ្ញាតឱ្យទុនបរទេសចូលក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ។ នៅឆ្នាំ ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ដែលបានក្លាយជាច្រកទ្វារសំខាន់មួយសម្រាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ចិន ។ល។ គោលនយោបាយនិងវិធានការមួយចំនួនបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិនកំពុងពង្រីកការបើកទូលាយប្រកបដោយគុណភាពកាន់តែខ្ពស់ កម្រិតកាន់តែខ្ពស់និងក្របខណ្ឌកាន់តែធំ ។
ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ទំហំនាំចូលនិងនាំចេញសរុបរបស់ចិនមានចំនួនលើសពី ៣០០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ ។ នៅឆ្នាំ ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង ២៤០ ដែលសមេ្រចបាននូវកំណើននៃការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង ១៩០ ហើយផ្លូវដែលឆ្ពោះទៅរកការបើកទូលាយប្រកបដោយគុណភាពខ្ពស់បានផ្តល់នូវកាលានុវត្តភាពកាន់តែច្រើនសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងសរុបជាង ៧៥០ ប៊ីនលានដុល្លារអាមេរិក ។ ជំនឿចិត្តរបស់សហគ្រាសទុនបរទេសចំពោះការបន្តធ្វើអាជីវកម្មកាន់តែស៊ីជម្រៅនៅចិនមិនត្រូវកាត់បន្ថយនោះទេ ហើយចំនួនសហគ្រាសទុនបរទេសដែលមានកំណត់ត្រាខាងការនាំចេញនាំចូលក្នុងឆ្នាំ ២០២៥ បានកើនឡើងជាង ១៧០០ សហគ្រាសបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ ដោយឡែកប្រទេសចិនបាននិងកំពុងជំរុញយ៉ាងសកម្មនូវការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការបណ្តាក់ទុនកម្រិតខ្ពស់ បន្ធូរបន្ថយយ៉ាងខ្លាំងនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យពាណិជ្ជករបរទេសធ្វើវិនិយោគទុន បញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិនត្រូវបានកាត់បន្ថយមកនៅត្រឹម ២៩ មាត្រ ហើយវិធានការដាក់កំហិតលើការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ។
ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ប្រទេសចិនបានតភ្ជាប់យ៉ាងសកម្មជាមួយក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ អនុវត្តយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីសាកល្បង ហើយតំបន់ពាណិជ្ជកម្មសេរីសាកល្បងចំនួន ២២ ទទួលបានសមិទ្ធផលច្នៃប្រឌិតថ្មីខាងប្រព័ន្ធរបបចំនួនជិត២០០ ។ ភាគលាភនៃ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP )ត្រូវបានបញ្ចេញជាបន្តបន្ទាប់ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ត្រូវបានជំរុញការអនុវត្តជាក់ស្តែង ហើយការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កំពុងបោះជំហានឆ្ពោះទៅរកវិស័យកាន់តែទូលំទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ ។ បន្ថែមទីក្រុងពិសោធន៍ចម្រុះចំនួន ៩ សម្រាប់ពង្រីកការបើកទូលាយនៃឧស្សាហកម្មសេវាកម្មដែលបូករួមទាំងទីក្រុងដាលៀននិងទីក្រុងនីងប៉ូជាដើមដើម្បីបង្កើតបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរតាមរយៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។
ទីផ្សារធំរបស់ចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៩ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ហើយសហគ្រាសទុនបរទេសជាច្រើនបានចុះឈ្មោះមុនពេលកំណត់ដើម្បីអញ្ជើញចូលរួមពិព័រណ៍លើកនេះ ។ ក្នុងយុគសម័យដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ជំនឿចិត្តមានតម្លៃជាងមាស” ។ ប្រទេសចិនកំពុងប្រែក្លាយភាពប្រាកដប្រជាដែលបានកើនឡើងជាបន្តបន្ទាប់ឱ្យទៅជាកាលានុវត្តភាពថ្មីរបស់ពិភពលោក ៕
ប្រភព ៖ (CCFR)













