ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖
អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៦
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណ ជនបានជ្រាបថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៦នាក់ នោះហើយ។
ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា










