ខេត្តក្រចេះ ៖ ក្នុងឱកាសពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឡើងជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយ និងឡើងជាព្រះគ្រូអនុគណស្រុកស្នួល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ បានថ្លែងថា ៖ ខ្ញុំព្រះករុណា ខ្ញុំ បានជួបជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ អ៊ុំពូមីង បងប្អូន និងក្មួយៗក្នុងខេត្តក្រចេះ ។
លោកលើកឡើងថា ៖ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ គុណធម៌ និងការថែរក្សាអត្តសញ្ញាណជាតិ។ ក្រោយឆ្លងកាត់ការបំផ្លាញ និងលុបបំបាត់ស្ទើរទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតនៅកម្ពុជាបានងើបឡើងវិញ ក្រោមម្លប់នៃសន្តិភាព និងសុខដុមនីយកម្មសាសនា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការពង្រឹងសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ។ ការរីកចម្រើននៃវត្តអារាម និងសាសនាដទៃទៀត ក្នុងពេលបច្ចុប្បន្ន បានឆ្លុះបញ្ចាំងនូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ សាសនា និងសង្គម។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះការអភិវឌ្ឍថ្មីៗ ក្នុងខេត្តក្រចេះ រួមទាំងជោគជ័យនៃការរៀបចំបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» និងសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ-ក្រចេះ ប្រវែង ១៧៦១ ម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការតភ្ជាប់ចរន្តដឹកជញ្ជូន កសិកម្ម និងទេសចរណ៍ រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ក្នងខេត្តក្រចេះ ក៏ដូចជាបណ្តាខេត្តនៅភូមិភាគឦសាន៕
ដោយ ៖ សិលា















