សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានរៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅស្រុកកំណើតសម្តេច

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកស្រី ហេង ពៅ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកស្រី លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងឯកឧត្តម លោកស្រី ជាបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ នៅគេហដ្ឋានសម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានរៀបចំប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកាព្រះរតនត្រ័យ សមាទានសីល និងប្រារព្ធពិធីរាប់បាត្រ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ សូមដួងវិញ្ញាណក្ខន្ធទាំងឡាយ បានសោយសុខក្នុងឋានបរមសុខកុំបីអាក់ខានឡើយ។

 

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជានិងសូមទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមតាមជួយអភិបាលប្រោសព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ កូនប្រុស កូនស្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលកុំបីឃ្លៀងឃ្លាតឡើយ។

 

ឱកាសនោះសម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តថ្កូវមួយចំនួនទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត រួមនិងទេយ្យវត្ថុ រួមមាន អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករសរ តែ ត្រីខ ប៊ីចេង និងសាដកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print