លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅវេលាម៉ោង ១២:៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយស្ថានីយជញ្ជីងអចល័ត ព្រៃព្នៅ ខេត្តព្រៃវែង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ជាលទ្ធផលរថយន្តទាំងពីរ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន ដល់ ៤៣ តោន គិតជាភាគរយគឺលើសចន្លោះពី ៦៨% ដល់ ៩៥% នៃច្បាប់ ត្រូវពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើនូវវិធានការមួយចំនួនដល់មន្រ្តីក្រោមឱវាទ និងអ្នកបើកបរ ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកធន់ធ្ងន់ ដូចខាងក្រោម៖

– ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការងារនៅតាមស្ថានីយជញ្ជីងអចល័ត ត្រូវដំឡើងកាមេរ៉ាសុវត្ថិភាព(CCTV) នៅតាមស្ថានីយទាំងអស់ ហើយភ្ជាប់មកទីស្នាក់ការកណ្តាល គឺនៅទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងភ្ជាប់មកទូរស័ព្ទដៃយើងខ្ញុំផ្ទាល់

– ករណីមន្ត្រីយើងមានជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពក្នុងការដឹកលើសទម្ងន់កម្រិតកំណត់នេះ ក្រសួងនឹងអនុវត្តអភិក្រមទី៥ គឺវះកាត់

– ក្រសួងក៏មានក្រុមការងារពិសេស ដើម្បីទប់ស្កាត់ បង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវាងស្ថានីយជញ្ជីង មិនចូលថ្លឹងឱ្យបានហ្មត់ចត់ជាទីបំផុត

– ក្រសួងមានផែនការដំឡើងស្លាកសញ្ញាសម្គាល់ ដើម្បីឱ្យអ្នកដឹកជញ្ជូនទាំងអស់ដឹងថានៅខាងមុខមានមន្រ្តី ជញ្ជីងចល័ត ដើម្បីទប់ស្កាត់រាល់សកម្មភាពដែលគេច វាង មិនចូលថ្លឹងនៅស្ថានីយ

 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ អ្នកដឹកជញ្ជូនទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ អនុវត្តច្បាប់ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពីពេលនេះតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print