ខេត្តត្បូងឃ្មុំ ៖ គ្រោះអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោ សន្ធៅចេញពីផ្ទះ១ឆ្លងទៅផ្ទះ១បង្កជាអណ្ដាតភ្លើងក្រហមច្រាលទៅលើអាកាស ព្រមទាំងភ្ញាក់ផ្អើលពេញភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី៤ មេសាឆ្នាំ២០២៦ នេះ ជាមួយនោះមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់មិនឱ្យឆេះឆ្លងទៅផ្ទះផ្សេងទៀត ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ដំបូងមានប្រជាពលរដ្ឋម្នាក់ ដែលរស់នៅជាប់ផ្ទះដែលឆេះមុនដំបូងជាស្ត្រីកូនខ្ចីគាត់ប្រាប់ថា នៅក្នុងផ្ទះអីក៏ក្តៅម្ល៉េះ លុះពេលដែលប្ដីចេញមកមើលស្រាប់តែឃើញភ្លើងបានឆេះយ៉ាងសន្ធោ សន្ធៅចេញពីផ្ទះទីមួយ ដែលម្ចាស់មិននៅ ។ ហើយភ្លើងក៏បានឆេះរាលដាលបន្តមកផ្ទះមួយទៅផ្ទះមួយទៀត ។
សមត្ថកិច្ចប្រាប់បន្តថា បន្ទាប់ពីហេតុការណ៍កើតឡើងលោកឧត្តមសេនីយ៍ ទោ ចន្នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ ក្នុងនោះ មានរបស់អធិការដ្ឋានស្រុកក្រូចឆ្មារ ស្រុកដំបែរ ស្នងការដ្ឋាននគរបាលខេត្តពីរគ្រឿង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកឆ្លងខេត្តក្រចេះ បានចេញមកបាញ់ទឹកពន្លត់ ដើម្បីអន្តរាគមន៍ជាបន្ទាន់ ។
សមត្ថកិច្ចបានប្រាប់បន្តថា ពេលដែលភ្លើងឆាបឆេះនោះ បងប្អូនខ្មែរឥស្លាមមានសាមគ្គីភាពគ្នាល្អណាស់ ។ ដោយបានប្រើម៉ាស៊ីនបូមទឹកពីមាត់ទន្លេឡើងមកលើ ដើម្បីបាញ់ទៅលើផ្ទះដែលឆេះ។ស្របពេលឡានពន្លត់អគ្គិភ័យមកដល់បានបាញ់ពន្លត់អន្តរាគមន៍ ដើម្បីកុំឲ្យឆេះរាលដាលបន្តទៅផ្ទះផ្សេងទៀត។
ក្នុងករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងករណីបើសមត្ថកិច្ចមកជួយអន្តរាគមន៍បន្ទាន់ហើយលក្ខណៈភូមិសាស្ត្រមិនអំណោយទានផ្ទះ ដែលត្រូវឆាបឆេះនោះអាចនឹងឡើងដល់ទៅ២០ខ្នងក៏ថាបាន ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ផ្ទះរបស់បងប្អូនខ្មែរស្លាមចំនួន១០ខ្នង ត្រូវបានឆេះខ្ទេចខ្ទីរទាំងស្រុង និង២ខ្នងទៀត ត្រូវបានធាក់ជញ្ជាំង ដើម្បីកុំឲ្យភ្លើងឆេះដល់ គេចអន្តរាគមន៍បាញ់ពន្លត់ភ្លើងបានបញ្ចប់នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ មេសា ហេតុការណ៍នេះ មិនមានអ្នករងរបួស ឬស្លាប់ឡើយ ៕
ដោយ៖ សុរិយា










