ខេត្តកោះកុង ៖ ជាជម្រើសដ៏ល្អ សម្រាប់ជនសង្ស័យ ដឹងថាខ្លួនប្រព្រឹត្ត រួចចូលខ្លួនឱ្យសមត្ថកិច្ចសួរនាំ ! មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ បានចូលសារភាពប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនៅរសៀុលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ សារព័ត៌មាន ថា ៖ ជនសង្ស័យបានចូលខ្លួន
សារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ។
សូមជម្រាបថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធ AK ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះទាំងពីរមានដូចជា ៖
១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។
២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។
សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុ ផឹកស៊ីទាស់ពាក្យសំដីគ្នាកម្លាំងជំនាញស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ដូច្នេះជាតិស្រវឹងធ្វើឱ្យមនុស្សមានទោសទណ្ឌ ប្រសិនបើគ្រប់គ្រងខ្លួនឯងមិនបាន៕
ដោយ ៖ សិលា










