កម្លាំងនគរបាលខេត្តត្បូងឃ្មុំបង្ក្រាបករណីក្មេងទំនើងនៅស្រុកមេមត់និងស្រុកអូររាំងឪបាន១០នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំឱ្យដឹងនៅថ្ងៃទី០៦ ខែមេសានេះថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្រ្កាបករណីក្មេងទំនើង ចំនួន២ ករណី នៅស្រុកមេមត់ និងស្រុកអូររាំងឪ ឃាត់ខ្លួនក្មេងទំនើង ១០នាក់ ដែលបានបង្កអសន្តិសុខ ដេញកាប់គ្នា បង្កចលាចលខូចសណ្ដាប់ធ្នាប់សង្គមធ្ងន់ធ្ងរ ។

 

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹក នាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នគរបាលបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា បង្កដោយក្មេងទំនើង ឃាត់ ខ្លួនសរុបចំនួន១០នាក់៖

 

១-ស្រុកមេមត់ ករណីហិង្សាដោយចេតនា (វាយគ្នាទៅ វិញទៅមក ) បង្កដោយក្មេងទំនើងមានគ្នាចំនួន២ក្រុម មានទំនាស់ឈ្លោះប្រកែកគ្នាក្នុងវង់រាំ ហើយបបួលគ្នាវាយគ្នានៅខាងក្រៅ នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាល ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនបានចំនួន០៨ នាក់ និងបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។

 

២-ស្រុកអូររាំងឪ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយ ចេតនា បង្កដោយក្មេងទំនើង មានគ្នាចំនួន០៥នាក់ (ធ្វើសកម្មភាពយកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយទៅ លើម៉ូតូជនរងគ្រោះ) នៅចំណុចភូមិដំរិលទី១ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបានចំនួន០២នាក់ និងបក្ខពួកចំនួន០៣នាក់ទៀតកំពុងរត់គេចខ្លួន ។

 

បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួកដែលបានគេចខ្លួនកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត។

 

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់ សាធារណៈជន ដែលបានដឹងដំណឹងរឺស្គាល់ ពីទីកន្លែងលាក់ខ្លួន របស់ក្រុមក្មេងទំនើងទាំង២ករណីខាងលើ សូមចូលរួមរាយការណ៍ មកសមត្ថកិច្ច ដើម្បីមានវិធានការបោះសម្អាតក្រុមក្មេងទំនើងនេះឱ្យអស់ពីមូលដ្ឋានខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដាក់ចេញអោយអនុវត្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print