ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានមួយចំនួនមកជំរាបជូនជនរួមជាតិជ្រាប៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងបំពេញទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងក្នុងរដ្ឋធានីប៉ារីស តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រីគ្រោងនឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសមួយចំនួនផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់គ្នាជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
ទី២៖ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជំទាស់ជាផ្លូវការជាថ្មីទៀត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលពួកគេកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាក់ស្តែង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏បានរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។ សកម្មភាពទាំងនេះ មិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។
រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងសូមតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងឡាយដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។
កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ និងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា។
ទី៣៖ វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ទទួលភាពកក់ក្តៅក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអ្នកនៅសមរភូមិក្រោយ៖
រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីនៃក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះវីរយុទ្ធជនដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ជាពិសេសក្នុងឱកាសដែលប្រទេសកម្ពុជាត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខនេះ ស្មារតីសាមគ្គីជាតិ និងការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។
ជាក់ស្តែង ឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារជាតិ ក៏ដូចជាមន្ត្រីនៃក្រសួងស្ថាប័នផ្សេងទៀតដែរ បានចុះសំណេះសំណាល សួរសុខទុក្ខ និងជូនពរវីរកងទ័ពជួរមុខ ក៏ដូចជាពលរដ្ឋភៀសសឹកដោយពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល និងបាននាំអំណោយទៅចែកជូនពួកគេផង។ កម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ត្រូវបានរៀបចំជូនពលរដ្ឋភៀសសឹកក្នុងអត្ថន័យនៃការថែរក្សាទំនៀមទម្លាប់ប្រពៃណីពីដូនតាផង និងបង្ហាញស្មារតីផ្សារភ្ជាប់គ្នា រួមសុខទុក្ខជាមួយគ្នា រវាងសមរភូមិមុខ និងមសរភូមិក្រោយផង នៅក្នុងគ្រាដែលប្រជាជាតិខ្មែរទាំងមូលរួមដៃគ្នាការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕
ដោយ៖តារា










