ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០៦ខែមេសានេះថា ដោយអនុវត្តតាមការ ដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់ចំនួន៤នាក់ករណីឆក់ទូរសព្ទដៃ។

 

ប្រភពខាងលើឲ្យដឹងថា នៅថ្ងៃទី៤ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៥និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជាតិ សំភ័ស ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិស្ដៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺប្ដឹងថា នៅថ្ងៃទី០៤ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥និង១០នាទី រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីភូមិឃុំខាងលើ ។ លុះបានជិះមកដល់ចំណុចផ្លូវកៅស៊ូលេខ 1KS1 ស្ថិតនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ម៉ាក C125 មិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ដែលទុកនៅខោប៉ៅខាងក្រោយ។ ពេលដែលជន សង្ស័យខាងលើធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនទៅ ខាងទិសខាងកើតបាត់។

 

-បាត់បង់សម្ភារៈ ទូរស័ព្ទ០១គ្រឿង ម៉ាក់IPhone 11

ពណ៌ស្វាយ ។

 

ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន០២នាក់÷

 

១.ឈ្មោះ ភ័ណ្ឌ ចិន ភេទប្រុស អាយុ២១ឆ្នាំ និង២. ឈ្មោះ ឌុល ថៃ ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់រស់ នៅភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។

 

តាមចម្លើយជនសង្ស័យឈ្មោះ ភ័ណ្ឌ ចិន បានសារភាពថា រូបគេបានទិញទូរស័ព្ទ០១គ្រឿង ម៉ាក IPhone ពណ៌ស្វាយ ក្នុងតម្លៃ១៣មុឺនរៀលពីឈ្មោះ សៅ ច័ន្ទរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

 

ក្រោយពីសាកសួរចម្លើយ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ឈ្មោះ សៅ ច័ន្ទរ៉ា ដោយសារភាពថា រូបគេពិតបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើជាមួយឈ្មោះ គរ ដានីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (គេចខ្លួន)ដោយបានខ្ចីម៉ូតូម៉ាក C125 ពីមិត្តភ័ក្រម្នាក់ទៀត ឈ្មោះ ណុប រុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ចំណែកបក្សពួកដែលនៅសេសសល់ខាងលើ កម្លាំងជំនាញកំពង់ស្រាវ ជ្រាវចាត់ការបន្ត។

 

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង: -ទូរស័ព្ទ ០២គ្រឿងម៉ាកIPhone 11 និងម៉ាក IPhone 12 និងម៉ូតូ០១គ្រឿងម៉ាក់សង់C125 ពណ៌ខ្មៅសេរីឆ្នាំ2025 ពាក់ស្លាកលេខ ភ្នំពេញ1LL-7669 ។

 

នៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០ នាទី ឃាត់មុខសញ្ញាជនសង្ស័យម្នាក់ទៀត ឈ្មោះ ណុប រុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ម៉ូតូឱ្យជនសង្ស័យខាងលើខ្ចីម៉ូតូ ធ្វើសកម្មភាពឆក់ទូស័ព្ទ និងដកហូតម៉ូតូ០១គ្រឿងម៉ាកសង់C125 ព័ណ៍ខ្មៅ សេរីឆ្នាំ២០២២ ។

 

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចស្រុកកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print