ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ហើយក៏សូមអបអរសាទរចំពោះ លោក ហៃ វណ្ណា និងសហការីដែលបានបង្កើតសមាគមនេះឡើង ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ លោក ហៃ វណ្ណា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការីបានជួបសម្ដែងការគួរសម និងរាយការណ៍នៅក្នុងឱកាសនេះ។ លោកបានរាយការណ៍អំពីវឌ្ឍនភាព
របស់សមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមសម្រេចបាននាពេលកន្លងមក ហើយជាពិសេសគឺគោលដៅរបស់សមាគមក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុននិងការជួយជ្រោមជ្រែងនៅលើផ្នែកផ្សេងៗទៀតរបស់សមាគមខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននោះ។
សម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព
របស់សមាគម ហើយសម្ដេចក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការបង្កើតសមាគម ដោយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងសំខាន់គឺការរក្សាបាននូវនិរន្តរភាពសមាគមនេះ។ សម្ដេចសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងរក្សាបាននូវនិរន្តរភាព និងអាចពង្រីកនូវសាមគ្គីភាព នៃសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន៕
ដោយ ៖ សិលា

















