ភ្នំពេញ៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៧៦នៃទិវាសុខភាពពិភពលោក ខណៈដែលសកម្មភាពរបស់សង្គមស៊ីវិលចិននៅកម្ពុជា ដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បាននិងកំពុងបង្ហាញពីនិន្នាការកើនឡើងនៃការប្រើប្រាស់វិស័យមនុស្សធម៌ ដើម្បីពង្រឹងឥទ្ធិពល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តំណាងមូលនិធិចិន Peaceland លោក Liu Wenzhi បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៨មក ដោយសហការជាមួយអង្គការ Yundi ខេត្តយូណាន (YDHR) និងដៃគូសង្គមស៊ីវិលកម្ពុជា រួមមាន សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបមូលនិធិចិន Peaceland បានរួមចំណែកនៅក្នុងបេសកកម្មដើម្បីពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជា។
លោកបន្ថែមថា រថយន្តវេជ្ជសាស្ត្រចល័តមានបច្ចេកវិទ្យាទំនើបដែលមានសមត្ថភាពអាចព្យាបាលនិងវះកាត់ជំងឺបេះដូងពីកំណើតនេះជាអំណោយរបស់បណ្តាញសង្គមស៊ីវិលចិន (China NGO Network for International Exchanges) តាមរយៈមូលនិធិចិន Peaceland ដែលបានផ្តល់មកប្រើប្រាស់នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីពង្រីកសេវាពិនិត្យ និងព្យាបាលទៅកាន់តំបន់ដែលមានការចូលដំណើរការសុខាភិបាលនៅមាន កម្រិត។
លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិនបានជម្រាបថា ចាប់ពីឆ្នាំ២០១៨មក កុមារកម្ពុជាចំនួន១២៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលដោយឥតគិត ថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន ហើយរថយន្តវេជ្ជសាស្ត្រចល័តនេះនឹងមានសមត្ថភាព ក្នុងការជួយដល់ការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតដោយផ្ទាល់នៅនឹងទីតាំងដែលរថយន្តនេះតាំងក្រោមអភិបាលកិច្ចបច្ចេកទេសរបស់គ្រូពេទ្យឯកទេស។
លោកបណ្ឌិតបានបន្ថែមថា ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ក្រោមការគាំទ្រនិងចង្អុលបង្ហាញពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន រថយន្តវេជ្ជសាស្ត្រចល័តខាងលើ ត្រូវបានមូលនិធិ Peaceland សហការសម្របសម្រួលយកទៅប្រើប្រាស់ចំនួន៣លើក ដើម្បីគាំទ្រការងាររបស់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន។ ជាក់ស្តែង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ រថយន្តនេះបានចុះបម្រើការងារនៅកំពត ដើម្បីពិនិត្យសុខភាពបេះដូងកុមារ។
ជាសច្ចភាព ក្រោមការគាំទ្រនិងក្រោមម្លប់ពីបណ្តាសង្គមស៊ីវិលចិនCNIE នោះសកម្មភាពរបស់សង្គមស៊ីវិលចិនក្នុងប្រទេស កម្ពុជា ដែលមានមូលនិធិចិន Peaceland និងអង្គការ Yundi ខេត្តយូណាន ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការពង្រីកតួនាទីរបស់សង្គមស៊ីវិលចិនក្នុងវិស័យសុខាភិបាលអន្តរជាតិ ខណៈដែលកម្ពុជាទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង៕
ប្រភព ៖ (CCFR)












