ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលស្រុកស្វាយចេកបញ្ជូនខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀន និងទឹកកាធុម មកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធី។
សមត្ថកិច្ចបន្ថថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកស្វាយចេកបានបញ្ជូនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន រួមទាំងវត្ថុតាងមកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យ ដើម្បីអនុវត្តតាមនិតិវិធី ។
លោកវរសេនីយ៍ទោ អុន កាថង អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា÷ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២៣:១០នាទី លោកបានចាត់តាំងឲ្យលោកវរសេនីយ៍ត្រី ដោក ខាំ អធិការរង ដឹកនាំកម្លាំងជំនាញដាក់តាមគោលដៅត្រួតពិនិត្យរកជនបរទេសនៅចំណុចខាងលិចភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ចម្ងាយប្រហែល៤០០០ម៉ែត្រ ក៏បានឃើញឡានកាម៉ារីកាត់ទ្រុងពណ៌ខ្មៅ ១ គ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិចដោយមនុស្សប្រុស១នាក់ដោយមានការសង្ស័យកម្លាំងយើងក៏បានស្ទាក់សួរនាំនិងត្រួតពិនិត្យ ។
លោកអធិការបន្តថា÷ជនសង្ស័យនិងជាអ្នកបើកបរ ឈ្មោះ លីម ហ៊ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងការត្រួតពិនិត្យនេះ រកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន១ថង់តូច បំពង់កែវសម្រាប់ជក់១ដើម ទឹកកាធុមចំនួន៤៤ដប គ្រាប់កាំភ្លើងAK៤៧ចំនួន៦គ្រាប់ ដែកកេះ២ដើម វិទ្យុទាក់ទង(អាយកូម)ចំនួន២គ្រឿង ទូរសព្ទដៃ១គ្រឿង អាវយោធា(ទាហ៊ាន)១អាវ ស្លាកឈ្មោះចំនួន២ និងលិខិតឆ្លងដែនចំនួន១ ហើយបានធ្វើតេស្តរកសារធាតុញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+)ផងដែរ ៕
ដោយ៖ វណ្ណា










