ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ។
នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កាលនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់ (ជនជាតិចិន ០២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ០៨នាក់)។ ដកហូតវត្ថុតាងរួមមាន៖កុំព្យូទ័រលើតុ ១០គ្រឿង, Laptop ០១គ្រឿង, ទូរស័ព្ទដៃ ៦១គ្រឿង, ដាវ ០២ដើម, រថយន្ត ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ សុថាន











