ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រកថវិកាជួយមន្ទីរពេទ្យ គន្ធបុប្ផា បើទោះបីជាមានការរំខានដោយភ្លៀងក្តី។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាកលវិទ្យាល័យ ន័រតុនជ្រោយចង្វា។
តារាចម្រៀងទាំងសម្ដែង និងតារាកំប្លែង សុទ្ធតែមកបង្អួតសម្រស់ជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗ ក្បាច់រាំ និងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត នៅក្នុងព្រឹត្តការណ៍នេះ។
អ្នកផលិតកម្មវិធីលើកឡើងថាទោះមានភ្លៀងធ្លាក់កម្មវិធីនេះនៅតែជោគជ័យ។ ជោគជ័យព្រោះតែជាលះបង់របស់តារាល្បីៗដែលសុខចិត្តច្រៀង រាំ និងដើររ៉ៃអង្គាសថវិកាទាំងដំណក់ទឹកភ្លៀង។ ទោះជាយ៉ាងណា ចំពោះថវិកានៅមិនទាន់បានបូកសរុបនៅឡើយទេ ដោយសារតែព្រឹត្តិការណ៍ទំាងមូល ត្រូវរង់ចាំព្រឹត្តិការណ៍តាំងពិព័រណ៌ពេញមួយថ្ងៃទី១៨ កញ្ញានេះទៀត។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដើរលើកំរាលព្រំដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ កញ្ញា គឺជាការរៀបចំដោយនិស្សិតពេទ្យរបស់សាលាន័រតុន ក្រោមការជ្រោមជ្រែងសាកលវិទ្យាល័យន័រតុន ដោយមានការរៀបចំកម្មវិធីសិល្បៈពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»។ ព្រឹត្តិការណ៍ធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧ និង១៨ កញ្ញា ដោយមានកម្មវិធីពិព័រណ៌តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់។ ការចូលរួមកម្មវិធីខាងលើគឺដោយសេរី មិនគិតប្រាក់ ហើយអ្នកចូលរួមអាចជួបជាមួយនឹងសិល្បករក្នុងដួងចិត្តរបស់ពួកគេដោយផ្ទាល់ផងដែរ៕
ដោយ៖ វឌ្ឍនា