សារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កូរ៉េខាងជើងបានធ្វើតេស្ដបាញ់ប្រព័ន្ធអាវុធជាច្រើន រយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលបាលិសិ្ទគ និងគ្រាប់បែកចង្កោម។
KCNA នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រព័ន្ធអាវុធដែលត្រូវបានធ្វើតេស្ដ ក៏មានផងដែរប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីប្រឆាំងយន្ដហោះចម្បាំង។ តាម KCNA ការធ្វើតេស្ដបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាប្រចាំរបស់កូរ៉េខាងជើងក្នុងការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធអាវុធ។
កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអះអាងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ និងមីស៊ីលមួយគ្រាប់កាលពីថ្ងៃអង្គារ ហើយក្នុងនោះមីស៊ីលដែលត្រូវបានធ្វើតេស្ដ កាលពីថ្ងៃពុធ មានមីស៊ីលមួយគ្រាប់ហោះបានរយៈចម្ងាយ ៧០០គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើតេស្ដទាំងនេះដែរឬក៏អត់នោះទេ ខណៈមិនទាន់មានការបញ្ចេញរូបភាពនៃការធ្វើតេស្ដនៅឡើយទេ៕

រូបថត: KCNA









