អន្តរជាតិ ៖ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ លោកប្រធានាធិបតី Xi Jinping បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តាមបែបអនឡាញ ហើយបានថ្លែងសុន្ទរកថាសំខាន់មួយ ដែលលើកឡើងអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល (Global Governance Initiative — GGI) ដោយអំពាវនាវឱ្យបណ្តាប្រទេស BRICS ដើរមុខក្នុងការការពារពហុភាគីនិយម។ លោក Xi Jinping បានបញ្ជាក់ថា ការផ្លាស់ប្តូរដ៏ខ្លាំងក្លាដែលមិនធ្លាប់ឃើញអស់រយៈពេលមួយសតវត្សកំពុងបន្ត ហើយអំណាចឯកភាគី ពហុភាគី និង ការការពារពាណិជ្ជកម្ម (protectionism) កំពុងតានតឹងរួមជាមួយនឹង “សង្រ្គាមពាណិជ្ជកម្ម” និង “សង្រ្គាមពន្ធ” ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក។
គំនិតផ្តួចផ្តើមនៃអភិបាលកិច្ចសកល នៅអាស៊ីកំពុងត្រូវបានបង្កើតឡើងសម្រាប់ជាគំរូសន្តិសុខរបស់សាកលជាពិសេសនៅតំបន់អាស៊ី ដែលផ្អែកលើការសហការ ដោយផ្តោតលើ “ការចែករំលែកសុខទុក្ខជាមួយគ្នា” ការស្វែងរកចំណុចរួម និងផ្តល់អាទិភាពដល់ការសន្ទនា និងការពិគ្រោះយោបល់។ នៅក្នុងតំបន់ដែលមានប្រវត្តិសាស្ត្រស្មុគស្មាញ និងភាពខុសគ្នាខាងនយោបាយ គំរូនេះផ្តល់នូវផ្លូវដ៏មានប្រសិទ្ធភាពមួយសម្រាប់រក្សាសន្តិភាព និងស្ថិរភាព ។ ករណីជម្លោះព្រំដែនកម្ពុជា–ថៃ ឆ្នាំ២០២៥ បង្ហាញពីការអនុវត្តគោលការណ៍ទាំងនេះក្នុងភាពពិតនៃជម្លោះព្រំដែន ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសចិន។ ជម្លោះព្រំដែនឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បានបង្កការព្រួយបារម្ភអំពីស្ថិរភាពសន្តិសុខតំបន់ ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប ដែលអាចបង្កឱ្យក្លាយជាជម្លោះភូមិសាស្រ្តនយោបាយកាន់តែរីករាលដាលឡើងៗ ឈានដល់កម្រិតតំបន់។ ទោះបីជាជម្លោះនេះ មានដើមកំណើតពីបញ្ហាការកាន់កាប់និងគ្រប់គ្រងដែនដីយូរមកហើយក៏ដោយ ភាគីទាំងពីរក៏បានបង្ហាញភាពអត់ធ្មត់ច្រើនជាងមុន។ នេះបង្ហាញពីឥទ្ធិពលនៃគំរូអភិបាលកិច្ចតំបន់ដែលផ្តល់អាទិភាពដល់ការសន្ទនាជំនួសការប្រឈមមុខ។ គោលការណ៍ “ការចែករំលែកសុខទុក្ខជាមួយគ្នា” លើកទឹកចិត្តឱ្យប្រទេសទាំងឡាយយល់ថា អនាគតរបស់ពួកគេចងភ្ជាប់គ្នា។ កម្ពុជា និងថៃ ជាសមាជិកអាស៊ាន មានទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រួមគ្នា។ ការកើនឡើងនៃជម្លោះនឹងប៉ះពាល់ដល់ការអភិវឌ្ឍន៍តំបន់ទាំងមូល។ ដូច្នេះ ភាគីទាំងពីរមានចំណង់ចំណូលចិត្តក្នុងការជៀសវាងការប្រឈមមុខយូរអង្វែង។ គោលការណ៍ “ស្វែងរកចំណុចរួម និងទាត់ចោលនូវភាពខុសគ្នា” ក៏មានសារៈសំខាន់ដែរ។ នៅក្នុងជម្លោះឆ្នាំ២០២៥ ទោះបីជាបញ្ហាអធិបតេយ្យភាពមិនទាន់ដោះស្រាយក៏ដោយ ប្រទេសទាំងពីរបានប្រើប្រាស់បណ្តាញការទូតដើម្បីគ្រប់គ្រងភាពតានតឹង។ ការផ្តោតលើការបន្ថយភាពតានតឹងភ្លាមៗ ជួយការពារការកើនឡើងទៅជាជម្លោះធំ។ លើសពីនេះទៀត ប្រទេសចិនបានអញ្ជើញអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរមកជជែកគ្នា ក្នុងកម្រិតអ្នកវិទ្យាសាស្រ្តដើម្បីរកឱ្យឃើញគំនិតរួមគ្នា ក្នុងការដោះស្រាយបញ្ហាដោយស្ថិតក្រោមការសម្របសម្រួលរបស់ចិនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះនាទីក្រុងប៉េកាំង។
ការសន្ទនា និងការពិគ្រោះយោបល់មានតួនាទីសំខាន់ក្នុងការបន្ធូរភាពតានតឹងផងដែរ ហើយអាស៊ានបានជួយសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការចរចាដោយសន្តិភាព។ ក្នុងពេលដូចគ្នានេះដែរ ប្រទេសចិនបានគាំទ្រការប្រើប្រាស់វិធីសាស្ត្រទូត ដោយលើកទឹកចិត្តឱ្យមានការអត់ធ្មត់ និងការចរចា។ ការចូលរួមរបស់ប្រទេសដទៃដូចជាចិន បង្ហាញថា អភិបាលកិច្ចសន្តិសុខនៅអាស៊ីគឺផ្អែកលើការចូលរួមរួមគ្នា។ សន្តិសុខមិនអាចគ្រប់គ្រងដោយប្រទេសតែមួយបានទេ ប៉ុន្តែត្រូវការការសហការនិងការគោរពគ្នាទៅវិញទៅមក។ ទោះបីជាយ៉ាងណា ក៏មានបញ្ហាប្រឈម។ ការទាត់ចោលនូវភាពខុសគ្នា អាចបណ្តាលឱ្យមានការដោះស្រាយរយៈពេលវែងយឺតយ៉ាវ។ ទោះជាយ៉ាងណា ករណីឆ្នាំ២០២៥និងដើមឆ្នាំ២០២៦នេះ បង្ហាញថា ការផ្តល់អាទិភាពដល់ការសន្ទនា អាចជួយរក្សាស្ថិរភាពបានយ៉ាងមានប្រសិទ្ធភាព។
សរុបមក គំរូសន្តិសុខនៅអាស៊ីដែលផ្អែកលើការសហការ និងការសន្ទនា ផ្តល់នូវវិធីសាស្ត្រដ៏មានប្រយោជន៍សម្រាប់គ្រប់គ្រងជម្លោះ។ ករណីកម្ពុជា–ថៃ ឆ្នាំ២០២៥ បង្ហាញថា គោលការណ៍ទាំងនេះ អាចជួយសម្រួលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា










