ការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ឯកពិសេស  Seng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងជូនពរជ័យឆ្នាំថ្មីដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អរបស់ភាគីចិន និងបានលើកឡើងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដែលជា “មិត្តដែកថែប” និង “សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល”។

ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជាកន្លងមក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស Seng Dazhi បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានមកដល់នៅថ្ងៃខាងមុខ លោកអនុព័ន្ធយោធាចិន បានគោរពជូនពរឯកឧត្តមអគ្គមេបញ្ជាការ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងភារកិច្ចការពារជាតិមាតុភូមិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print