ខេត្តស្ទឹងត្រែង ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងទូទាំងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា ដោយផ្អែក តាមការជូនដំណឹងរបស់ក្រសួង ស្ថានប័នមានសមត្ថកិច្ចថ្នាក់ជាតិ ពាក់ព័ន្ធនឹងអាកាសធាតុឡើង កម្ដៅខ្លាំងក្នុងដំណាក់កាលនេះ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយកចិត្តទុកក្នុង ការប្រើប្រាស់ ទុកដាក់ និងរក្សាទឹកសម្រាប់ក្រុមគ្រួសារនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយប្រការ ដែលត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់នោះ គឺការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាអាទិភាពសមាជិកគ្រួសារចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ សិស្សសាលា កុមារ និង ទារកជាដើម ព្រមទាំងសត្វចិញ្ចឹម។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមស្នើយកចិត្តទុកដាក់លើប្រការសំខាន់ៗដូចខាងក្រោម រួមមាន៖
– ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ
– ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករ ច្រើន ជាតិអំបិលច្រើន
– ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅ និងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ
– ចៀសវាងស្ថិតនៅក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរ និងច្រើនម៉ោង ក្នុងករណីចាំបាច់ត្រូវមាន មួក ឆ័ត្រការពារ និងប្រើប្រាស់កន្សែងសើមដើមជូតមុខ និងខ្លួន នៅពេលចូលក្នុងម្លប់វិញ
– ត្រូវតាមដានជាប់ជាប្រចាំចំពោះសមាជិកដែលមានបញ្ហាសុខភាព ដើម្បីជួយសង្គ្រោះបាន ទាន់ពេលវេលា នៅពេលមានករណីជាយថាហេតុកើតឡើង។
សេចក្តីដូចបានជូនដំណឹងខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តបានគ្រប់ៗគ្នា។
សូមជូនពរសុខភាពល្អបរិបូរណ៍ ជ័យជម្នះគ្រប់ភារកិច្ច មានសុភមង្គលគ្រប់ក្រុមគ្រួសារ និង ទទួលបានសព្ទសាធុការពរជ័យ សិរីសួសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ក្នុងឱកាសឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ទាប់ៗខាងមុខនេះ ៕
ដោយ ៖ សិលា










