ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីអដ្ឋស័ក ព.ស. ២៥៦៩ ដែលនឹងឈានចូលមកដល់ខាងមុខ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគពិសេស។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដល់កងកម្លាំងយោធភូមិភាគពិសេស ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពកងទ័ព។
ឯកឧត្តម បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់របស់កងកម្លាំងយោធភូមិភាគពិសេស ដែលបានខិតខំជម្នះរាល់ការលំបាក មិនថាស្ថិតក្នុងកាលៈទេសៈណា ពុះពារការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសបុណ្យទានផ្សេងៗ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ព បានជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគពិសេសទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បន្តរ៉ាប់រងភារកិច្ចការពារជាតិ និងរក្សាចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំជានិច្ច៕
ដោយ ៖ សិលា










