ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត កើតឡើងនៅវេលាម៉ោង ០៧និង៤៣នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោងលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
តាមសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាក Honda Dream មួយគ្រឿង បើកបរដោយយុវជនអាយុ ១៨ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចផ្លូវកោង បានរ៉េចង្កូតចូលគន្លងផ្លូវផ្ទុយ ទៅបុកជាមួយរថយន្តម៉ាក Lexus RX300 ដែលកំពុងធ្វើដំណើរចុះពីលើស្ពានពីជើងទៅត្បូង បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន ចូលគន្លងផ្លូវរថយន្តនៅត្រង់ចំណុចផ្លូវកោង។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈវត្ថុតាងត្រូវបានរក្សាទុក និងអ្នកបើកបររថយន្តត្រូវបាននាំទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់។
ជាមួយគ្នា អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរតាមផ្លូវឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សូមបើកបរយ៉ាងប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ កុំបើកលឿនពេក មិនជែងក្នុងទីកន្លែងគ្រោះថ្នាក់ និងគ្រប់ពេលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់អាក្រក់ដែលអាចកើតឡើងដោយមិនរំពឹងទុក៕
ដោយ៖ ជ្រោយពេជ្រ










