ខេត្តកោះកុង៖ អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តកោះកុង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ១១៤ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដែលមានជនត្រូវចោទចំនួន៣នាក់៖
១.ឈ្មោះ សាយ សាន្ត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៩១ (ឃាត់ខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម និងបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ២.ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ (ឃាត់ខ្លួន) ត្រូវបានចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើឃាតកម្ម និងបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
៣.ឈ្មោះ ឃុន ស្រីលាប ហៅ លាប ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ២០០៥ (ឃាត់ខ្លួន) ត្រូវបានចោទ ប្រកាន់ពីបទ មិនប្តឹងបរិហារបទឧក្រិដ្ឋ ប្រព្រឹត្តនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាដែលមានក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តកោះកុង បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទទាំង៣នាក់ខាងលើ នៅពន្ធនាគារខេត្តកោះកុង ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។
សាលាដំបូងខេត្តកោះកុង បានចាត់ការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ចំពោះករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងមិនប្តឹងបរិហាបទឧក្រិដ្ឋ ដើម្បីធានានូវសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕










