ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំបើករថយន្ដក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុកជញ្ជាំងរបងអង់តែនទួលគោកពេញទំហឹងធ្លាយពីម្ខាងទៅម្ខាងបណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចគល់អង់តែទួលគោក តាមបណ្ដោយផ្លូវលេខ២៧៣ កែងនឹងផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែង រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកTAKOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-3040 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧៣ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកជញ្ជាំងរបងអង់តែងពេញទំហឹងតែម្ដងបណ្ដាលឲ្យបាក់ធ្លាយពីម្ខាងទៅម្ខាង ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុងរីឯម្ចាស់រថយន្ដរងរបួសស្រាល។
ប្រភពបានបន្តថា ក្រោយពីបង្កហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនម្ចាស់រថយន្ដផងដែរ ហើយបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ក ព្រមទាំងម្ចាស់រថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ព្រែកជ័យ