សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានអនុម័តលើការលើកលែងទោសដល់អ្នកទោស ៤៣៣៥នាក់ ដែលនេះជាការលើកលែងទោស ជាលើកទី៣ ក្នុងរយៈពេល៦ខែមកនេះ។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ាក្នុងខែមេសា។
តាម MRTV ក្នុងចំណោមអ្នកទោស ៤៣៣៥នាក់ដែលនឹងត្រូវបានដោះលែងឱ្យមានសេរីភាពក្នុងនោះរួមមានជនបរទេស ១៧៩នាក់ ដែលនឹងត្រូវបានបណ្ដេញចេញពីប្រទេស ផងដែរ។
បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មានមនុស្សច្រើនជាង ៣០ ០០០នាក់ ត្រូវបានឃុំខ្លួនលើបទចោទប្រកាន់នយោបាយ ចាប់តាំងពី យោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក Min Aung Hlaing ធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតចេញពីអំណាចកាលពីឆ្នាំ២០២១។ ក្នុងចំណោមអ្នកទោសទាំងនេះទៀតសោត រួមមានអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi អតីតប្រធានាធិបតី លោក Win Myint និងក្រុមមន្ត្រីមួយចំនួនទៀតមកពី គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi៕









