ភ្នំពេញ៖ កម្ពុជាកំពុងបង្កើនវិធានការយ៉ាងតឹងរឹង ក្នុងការបង្ក្រាបការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ ខណៈបញ្ហានេះកំពុងកើនឡើងគួរឲ្យព្រួយបារម្ភនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរបានប្រកាសអនុវត្តគោលនយោបាយ រឹតបន្តឹងខ្លាំង និងព្រមានថា ការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ អាចប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌធ្ងន់ធ្ងរ។
សំណល់អេឡិចត្រូនិក ឬ e-waste គឺជាឧបករណ៍ដែលបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចផ្ទុកសារធាតុពុលគ្រោះថ្នាក់ ដូចជា សំណ បារត និងកាដម្យូម បង្កហានិភ័យខ្ពស់ដល់សុខភាព និងបរិស្ថាន ប្រសិនបើគ្រប់គ្រងមិនបានត្រឹមត្រូវ។
អ្នកជំនាញព្រមានថា អាស៊ីអាគ្នេយ៍កំពុងក្លាយជាទិសដៅថ្មីសម្រាប់ការបោះចោលសំណល់ខុសច្បាប់ បន្ទាប់ពីប្រទេសជាច្រើនបានរឹតបន្តឹងច្បាប់បរិស្ថាន ធ្វើឲ្យបណ្តាញជួញដូរប្រែទិសមកតំបន់នេះ។ នៅម៉ាឡេស៊ី អាជ្ញាធរបានបដិសេធកុងតឺន័រសំណល់ជាច្រើននៅតាមកំពង់ផែ ដោយចាត់ទុកថា ជាការរំលោភច្បាប់បរិស្ថាន និងបទប្បញ្ញត្តិអន្តរជាតិ។
ចំណែកនៅថៃ អាជ្ញាធរបានបង្កើនការបង្ក្រាបយ៉ាងខ្លាំង បន្ទាប់ពីរកឃើញករណីធំៗជាបន្តបន្ទាប់។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា គយថៃបានរកឃើញកុងតឺន័រសង្ស័យចំនួន ១៨ នៅកំពង់ផែឡែមឆាបាង កាលពីខែមីនា។
ប្រតិបត្តិការដែលមានការគាំទ្រពីអង្គការអន្តរជាតិ បាននាំឲ្យរឹបអូសកុងតឺន័រសង្ស័យសរុបដល់ទៅ ៧១៤ គ្រឿង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ មន្ត្រីថៃបញ្ជាក់ថា ក្រុមជួញដូរបានប្រើល្បិចក្លែងបន្លំ ដោយប្រកាសសំណល់ទាំងនេះថាជា “សម្ភារៈអេតចាយ” ដើម្បីគេចវាងការត្រួតពិនិត្យ។
ក្នុងបរិបទនេះ ប្រទេសនៅតំបន់កំពុងបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែន និងពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរសំណល់គ្រោះថ្នាក់ឆ្លងដែន ដែលកំពុងក្លាយជាបញ្ហាធំមួយសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ៕ដោយ៖តារា










