ឆេះឃ្លាំងកែច្នៃស្នោរាលដាលទៅលើបន្ទប់ជួល២ល្វែងទៀតផ្អើលដល់អាជ្ញាធរចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងកែច្នៃស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅនិងបន្តឆេះរាលដាលទៅលើបន្ទប់ជួល២បន្ទប់ទៀតនៅក្បែរគ្នា រួមទាំងសម្ភារៈក្នុងនោះមួយចំនួនធំ។

 

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៩:៥០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

 

យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឮស្នូរសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងចេញពីឃ្លាំងកែច្នៃស្នោខាងលើ រួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបន្តឆេះរាលដាលទៅលើផ្ទះជួលក្បែរនោះ២បន្ទប់ទៀត។ ភ្លាមៗនោះដែរពួកគាត់និងកម្មករជាច្រើនបាននាំគ្នាទាញទុយយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្ដោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

 

ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបាននូវដំណឹងខាងលើក៏បញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។

...

 

បន្ទាប់ពីកម្លាំងជំនាញទៅដល់ធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យខាងលើចប់ឃើញថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល។ ចំពោះករណីអគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ពោលគឺខូចខាតតែឃ្លាំងនិងសម្ភារៈមួយចំនួនធំនិងរាលដាលទៅលើផ្ទះ២បន្ទប់រួមជាមួយសម្ភារៈមួយចនួន។ ដោយឡែកមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print